គ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino បានលាលែងពីតំណែងហើយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ ក្រោយដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានតែ៩ខែ តាំងពីខែមករា ជំនួសកៅអីលោក Lee Tae Hoon។

ចម្ងល់ជាច្រើនបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារដ៏កក្រើកមួយលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់ខ្លួន នារាត្រីថ្ងៃទី១៩ ខែតុលានេះ ដែលខ្លឹមសារក្នុងសាររបស់លោក ហាក់បញ្ជាក់ពីគម្រោងលាឈប់ពីក្រុមជម្រើសជាតិកម្ពុជា។

គ្រូបង្វឹកប្រេស៊ីលរូបនេះបានសរសេរថា «សូមអរគុណដល់អ្នកគាំទ្រកម្ពុជាចំពោះពេលវេលាដ៏អស្ចារ្យ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនទាំងអស់ដែលធ្វើឲ្យខ្ញុំមានឱកាសធ្វើការនៅទីនេះ (បុគ្គលិក មន្ត្រីរាជការ កីឡាករ អ្នកគ្រប់គ្រង និងគ្រូបង្វឹក)។ សូមអភ័យទោសចំពោះការមិនអាចផ្លាស់ប្តូរអ្វីមួយបាន»។

លោកបន្ដថា «ខ្ញុំសូមជូនពរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ទទួលបានការរីកចំរើន និងល្អបំផុត ហើយសូមអរគុណចំពោះឱកាសឲ្យខ្ញុំ ដើម្បីដឹកនាំបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជា។ សូមអរគុណផងដែរ អ្នកឧបត្ថម្ភ Smart, SCG, Clear…នឹងអ្នកដទៃទៀត។ ខ្ញុំនឹងមិនភ្លេចអ្នកគាំទ្រកម្ពុជាទេ!»។

ទន្ទឹមគ្នានោះ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចថា ការប្រកួតដែលនៅសេសសល់ក្នុងឆ្នាំ២០១៧ នេះ មន្រ្តីបច្ចេកទេស លោក អូហារ៉ា នឹងដឹកនាំបណ្តោះអាសន្ន ពេលកម្ពុជាប្រកួតទល់នឹងហ្ស៊កដានី និងអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពានអាស៊ី AFC Asian Cup 2019៕

កែសម្រួលដោយ៖ Usportkh
អត្ថបទ៖ KhmerTalking