កីឡាករ និងបុគ្គលិករបស់ក្លិប Guangzhou Evergrande បានលើកលោកគ្រូបង្វឹក Luiz Felipe Scolari បោះឡើងទៅចុះឡើង និងបានសាទរដល់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ ក្រោយពីពួកគេបានឈ្នះពានក្របខ័ណ្ឌចិន Super League ជាលើកទី៧ ជាប់ៗគ្នារបស់ពួកគេ ក្នុងរដូវកាលជាលើកចុងក្រោយរបស់លោកក្នុងនាមជាគ្រូបង្វឹក។

ក្រុមរបស់លោក Scolari បានយកឈ្នះលើក្រុម Guizhou Zhicheng ក្នុងលទ្ធផល ៥-១ លើទឹកដីខ្លួនឯងកាលពីថ្ងៃអាទិត្យ ដើម្បីឈ្នះពានក្របខ័ណ្ឌចិន Super League ខណៈដែលនៅសល់ការប្រកួត ២លើកទៀត និងដឹកនាំឲ្យក្រុម Guangzhou ក្លាយជាក្រុមខ្លាំងបំផុតម្តងទៀតក្នុងប្រទេសនេះ។ កិច្ចសន្យារបស់គ្រូបង្វឹកវ័យ ៦៨ឆ្នាំរូបនេះនឹងផុតកំណត់នៅចុងរដូវកាលនេះ ហើយការចាកចេញរបស់លោកនឹងក្លាយជាសញ្ញានៃការបញ្ចប់រយៈពេល ២រដូវកាលដ៏ជោគជ័យរបស់លោក ក្រោយពីដឹកនាំឲ្យក្លិប Guangzhou លើកពានធំៗចំនួន៧ បើទោះបីមិនចំណាយប្រាក់ច្រើនទៅលើការទិញចូលកីឡាករថ្មីក៏ដោយ។

មិនមានការប្រកាសជាផ្លូវការណាមួយអំពីអនាគតរបស់លោក Scolari ឡើយ ប៉ុន្តែ ក្រុមបណ្តាញសារព័ត៌មានរបស់ចិន បានបញ្ជាក់ថា គ្រូបង្វឹករូបនេះ ត្រូវបានរំពឹងទុកថា នឹងចាកចេញ ស្របពេលដែលលោកគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Carlo Ancelotti និងលោក Thomas Tuchel ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Borussia Dortmund សុទ្ធសឹងត្រូវបានទាក់ទងជាមួយនឹងតួនាទីនេះ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Sport24