សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានក្លាយជាស្ថាប័ន ដែលដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំសិក្សា២០១៦-២០១៧ ដែលបានឈានដល់ទីបញ្ចប់ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ។

ការប្រកួត ដែលបានចាប់ដំណើរការប្រកួតពីថ្ងៃទី១៦ ខែតុលា មកនោះ គឺមានអត្តពលិកចូលរួមចំនួន៥៤១នាក់(ស្រី៨៨នាក់) ដែលពួកគេលេងតំណាងឲ្យស្ថាប័នចំនួន១៩ ហើយតាមរយៈការប្រកួតប្រជែងនៅលើប្រភេទកីឡាបាល់ទាត់បុរស បាល់ទះបុរស បាល់បោះ(បុរស-នារី) វាយកូនឃ្លីលើតុ(បុរស-នារី) ប៉េតង់(បុរស-នារី) និងកីឡាអត្តពលកម្មនោះ អត្តពលិកមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានឈ្នះមេដាយមាស១៦ ប្រាក់៦ និងសំរឹទ្ធ១ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមស្ថាប័នចូលរួមទាំង១៩។

ចំណែកស្ថានប័នចំនួន៦ទៀត មានវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល វិទ្យាស្ថានខេមអេដ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យជាស៊ីមកំចាយមារ និងសាកលវិទ្យាល័យស្វាយរៀង ដ៏ដណ្តើមបានមេដាយមាស ពីការប្រកួតនេះដែរ ខណៈស្ថាប័នផ្សេសទៀតដណ្តើមបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ ប៉ុន្តែស្ថាប័នចំនួន មិនដណ្តើមបានមេដាយទាល់តែសោះ។

ទាក់ទងនឹងការប្រកួតនេះ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីបិទនោះថា៖ «ក្រោមការខិតខំប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពបច្ចេកទេសរបស់ក្មួយៗជាកីឡាករ និងកីឡាការិនី រួមទាំងការខិតខំយកចិត្តទុកដាក់របស់គណៈកម្មការរៀបចំ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា ក៏ដូចជានាយកដ្ឋានអប់រំកាយ និងកីឡា និងអ្នកពាក់ព័ន្ធផ្សេងទៀត បានធ្វើឲ្យកម្មវិធីរបស់យើងប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ ដែលអាចទទួលយកបានទាំងអស់គ្នា»។

លោកបានបន្ថែមថា៖ «ប៉ុន្តែទន្ទឹងនឹងជោគជ័យ ដែលយើងទទួលបានកន្លងមកនេះ យើងក៏ត្រូវបង្កើនយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពជំនាញរបស់កីឡាករ កីឡាការិនី បន្ថែមទៀត ដើម្បីធានាបាននៅនិរន្តភាព វឌ្ឍនៈភាព និងប្រសិទ្ធភាពរបស់កីឡាគ្រប់ប្រភេទរបស់យើង ឲ្យឈានទៅសម្រេចគោលដៅតាមការរំពឹងទុក»៕