ក្រុមខ្លាំងទាំង ៨ មានក្រសួងការពារជាតិ(ទ័ព), ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, ភ្នំពេញក្រោន, បឹងកេត, អគ្គិសនីកម្ពុជា, អគ្គស្នងការនគរបាលជាតិ(ប៉ូលិស), និងក្រុមគិរីវង់សុខជ័យ នឹងប្រកួតប្រជែងគ្នា ក្នុងការប្រកួតជើងទី១ ក្នុងដំណាក់កាលទី៥ ឬវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ នៅលើទីលានផ្សេងគ្នា នារសៀល និងល្ងាចថ្ងៃពុធនេះ។

នៅក្នុងចំណោមការប្រកួតទាំង ៤គូនេះ ការជួបគ្នារវាងក្រុមទ័ព និងព្រះខ័នរាជស្វាយរៀង បានក្លាយជាការប្រកួតសងសឹក ដ៏គួរឲ្យចាប់អារម្មណ៍បំផុត ព្រោះសម្រាប់ការប្រកួតរដូវកាលឆ្នាំ២០១៦ ក្រុមទាំង២ បានឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ហើយជាលទ្ធផលក្រុមទ័ព បានក្លាយជាម្ចាស់ជើងឯក ដោយបានយកឈ្នះក្រុមស្វាយរៀង ៦-៥ ក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីក្រុមទាំង២ បានស្មើគ្នា ១-១ ក្នុងការប្រកួតពេញម៉ោង។

ចំណែកការជួបគ្នារវាងក្រុមណាហ្គាវើល និងភ្នំពេញក្រោន ក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរ ព្រោះក្រុមទាំង២នេះ មានធនធានកីឡាករខ្មែរសម្បូរបែបដូចគ្នា ដែលអាចនឹងប្រជែងគ្នាក្នុងភាពតានតឹងខ្លាំង។

ចំពោះ​ក្រុម​បឹង​កេត ត្រូវជួបក្រុមគិរីវង់ ខណៈក្រុមអគ្គិសនីកម្ពុជា ត្រូវជួបក្រុមប៉ូលិស។ គិរីវង់ គឺជាក្រុមដែលមានភាពទន់ខ្សោយក្នុងការប្រកួតលីកកំពូលកម្ពុជា ប៉ុន្តែសម្រាប់ការប្រកួតពានហ៊ុនសែន ដោយតម្រូវប្រើកីឡាករខ្មែរសុទ្ធនោះ គឺបឹងកេត ក៏មិនអានមើលស្រាលក្រុមគិរីវង់ បាននោះទេ ខណៈការប្រកួតលើកនេះ ត្រូវធ្វើនៅទឹកដីក្រុមគិរីវង់ ទៅទៀត។ រីឯក្រុមអគ្គិសនីកម្ពុជា និងប៉ូលិស មានកម្រិតលេងប្រហាក់ប្រហែលគ្នា ដែលអាចនឹងមានភាពស្វិតស្វាញខ្លាំង៕