ដើម្បីធ្វើពិធីកម្មក្នុងវិស័យទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានសម្រេចបង្កើតព្រឹត្តិការណ៍រត់ប្រណាំងថ្មីមួយទៀតហើយ ដោយប្រសិទ្ធនាមថា «ទិវារត់កម្សាន្ដពេលរាត្រី នៅតំបន់ផាប់ស្ទ្រីត-សៀមរាប» ដែលគ្រោងរៀបចំនាថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់កម្សាន្ដពេលរាត្រី នៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាប នៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី២៥ ខែតុលា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា នេះគឺជាលើកដំបូងហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រេចរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ រត់កម្សាន្ដពេលរាត្រីនេះឡើង នៅកណ្ដាលក្រុងសៀមរាប ដែលស្របតាមអនុសាសន៍របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ដើម្បីជំរុញតំបន់ទេសចរណ៍ឲ្យមានកម្មវិធីសប្បាយៗ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

លោកបន្ដថា គោលបំណងសំខាន់ក្នុងការបង្កើតព្រឹត្តិការណ៍ថ្មីនេះ គឺផ្ដោតលើការទាក់ទាញភ្ញៀវទេសចរ និងផ្ដល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅតំបន់អង្គរ ខេត្តសៀមរាប។ អ្វីដែលពិសេស ការរៀបចំទៀតសោត ក្រៅពីបង្កើតផលិតផលទេសចរណ៍ថ្មី គណៈកម្មការរៀបចំក៏ផ្ដោតសំខាន់លើការធ្វើសប្បុរសធម៌ ដោយស្វែងរកចំណូល និងមូលនិធី សម្រាប់ជួយមន្ទីរពេទ្យ និងអង្គការជួយដល់សង្គមផ្សេងៗផងដែរ៕

អត្ថបទ៖ KhmerTalking