ទីតាំងតំបន់កំពូលតារាងទាំង៤(Top4)នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៧ គ្មានការប្រែប្រួលនោះទេ សម្រាប់ការប្រកួតសប្តាហ៍ទី១៩នេះ ព្រោះក្រុមព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គាវើល និងក្រុមក្រសួងការពារជាតិ សុទ្ធតែឈ្នះបាន ៣ពិន្ទុបន្ថែមដូចគ្នា ប៉ុន្តែទីតាំងកំពូលតារាងនៃអ្នកស៊ុតបាល់ចូលទីច្រើនជាងគេ ត្រូវបានផ្លាស់ប្តូរគឺបានធ្លាក់ទៅលើខ្សែប្រយុទ្ធ Maycon វិញម្តង។

តាមរយៈការប្រកួតសប្តាហ៍ទី១៩នេះ ក្រុមក្រសួងការពារជាតិ បានលត់ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ៧-០ ដើម្បីរក្សាទីតាំងលេខ៤ របស់ខ្លួន ដោយការមាន ៣៦ពិន្ទុ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមភ្នំពេញក្រោន កាន់តែលែងមានឱកាស ក្នុងការប្រជែងយកទីតាំងនេះ ព្រោះភ្នំពេញក្រោន បានត្រឹមស្មើ ២-២ ជាមួយក្រុមខេមបូឌានថាយហ្គឺរ ធ្វើឲ្យពួកគេមាន ៣៣ពិន្ទុ ខណៈខេមបូឌានថាយហ្គឺរ មាន ៣២ពិន្ទុ។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមប៉ូលិស ៤-២ ដើម្បីបន្តឈរនៅកំពូលតារាង ដោយមាន ៤០ពិន្ទុខ្ពស់ជាងគេ និងតាមពីក្រោយដោយក្រុមបឹងកេត និងក្រុមណាហ្គាវើល ព្រោះការប្រកួតលើកនេះ បឹងកេត បានលត់ក្រុមគិរីវង់សុខសែនជ័យ ៤-០ ឯក្រុមណាហ្គាវើល បានយកឈ្នះក្រុមវេស្ទើន ៤-០ ដូចគ្នា ដែលធ្វើឲ្យបឹងកេត ឈរនៅលេខ២ ដដែល ហើយណាហ្គាវើល ឈរនៅលេខ៣ ដោយមាន ៣៩ពិន្ទុស្មើគ្នា។

ជាមួយលទ្ធផលនេះខ្សែប្រយុទ្ធ Maycon របស់បឹងកេត បានដណ្តើមយកទីតាំងលេខ១ ក្នុងនាមជាអ្នកស៊ុតបាល់ចូលទីច្រើនជាងគេ របស់ខ្សែប្រយុទ្ធ Kipson នៃក្រុមណាហ្គាវើល បានយ៉ាងជោគជ័យ ព្រោះជ័យជម្នះលើក្រុមគិរីវង់ ៤-០ នេះ Maycon រកបាន ២គ្រាប់តែម្នាក់ឯង ដើម្បីមាន ២១គ្រាប់ ប៉ុន្តែ Kipson រកមិនបានគ្រាប់បាល់បន្ថែមទេ ធ្វើឲ្យរូបគេមានគ្រាប់បាល់សរុបចំនួន២០ ដដែល។

ចំណែកក្រុមអាស៊ីអឺរ៉ុប និងក្រុមអគ្គិសនីកម្ពុជា បានចែកគ្នាម្នាក់ ១ពិន្ទុ ព្រោះក្រុមទាំង២នេះ បានស្មើគ្នា ២-២ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមអាស៊ីអឺរ៉ុប ដែលមាន ១៨ពិន្ទុ និងក្រុមអគ្គិសនីកម្ពុជា ដែលមាន ១៧ពិន្ទុ ហាក់មានភាគរយខ្ពស់ ក្នុងការគេចចេញពីតំបន់កាត់ចោលដដែល។ រីឯក្រុមស៊ីម៉ាក់ ដែលមាន ១១ពិន្ទុ និងក្រុមគិរីវង់ ដែលមាន ៣ពិន្ទុ គេចមិនផុតពីការកាត់ចោលនោះទេ៕