ពិធីបុណ្យអុំទូក បានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃសៅរ៍ ដោយគ្មានបន្សល់ទុកនៅភាពហ្មងសៅអ្វីទៀតនោះទេ ដោយនៅក្នុងនោះទូកចំនួន១២ ក្នុងចំណោមទូកសរុបចំនួន២៧០ សុទ្ធតែបានទទួលពានដែលប្រគល់ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ខណៈទូកគូពិសេសសារ៉ាយតេជោសែនជ័យមកពីខេត្តកណ្តាល បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទូក ដែលមានល្បឿនលឿនដាច់គេប្រចាំឆ្នាំ២០១៧នេះ។

បើតាមរបាយការបូកសរុបលទ្ធផលរបស់គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ពិធីបុណ្យអុំទូក នៅឆ្នាំនេះ មានទូកចូលរួមចំនួន ២៧០ទូក ក្នុងនោះមានទូកមួង ២៨ទូក(នារីមាន ២ទូក) ទូកអុំ ១៥៨ទូក(នារី ១ទូក) និងទូកខ្នាតអន្តរជាតិមាន ៨៤ទូក(នារី ១ទូក) ដោយមានកីឡាករចូលរួមប្រកួតចំនួន ១៧៨២៦នាក់ និងកីឡាការិនីចំនួន ២៨៩នាក់។

តាមរយៈការប្រកួត ៣ថ្ងៃនេះ គណៈកម្មការបានឲ្យដឹងថា ទូកដែលមានល្បឿនលឿនជាងគេ ដែលទទួលបានលេខ១ ផ្នែកគូពិសេសប្រចាំឆ្នាំនេះបានទៅលើទូកឈ្មោះសារ៉ាយតេជោសែនជ័យ មកពីខេត្តកណ្តាល ដោយប្រើថិរវេលាត្រឹម ២៦:៣៥.៣៦ នាទី ឯទូកឈ្មោះបារមីពោធិមាសតេជោសែនជ័យមកពីខេត្តកណ្តាលដែរ បានប្រើពេល ២៦:៤៤.៥៦ នាទី ដើម្បីទទួលបានលេខ២ ហើយទូកឈ្មោះស្រីសសុខសែនជ័យ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបានលេខ៣ ដោយប្រើពេល ២៦:៤៩.៥៤នាទី។

ដោយឡែកទូកដែលបានជាប់ផ្នែកសោភ័ណភាពស្អាតជាងគេ មានចំនួន ៣ទូក គឺលេខ១ បានទៅទូកឈ្មោះបុទមចារចម្បាពេជ្រ មកពីខេត្តក្រចេះ លេខ២ បានទៅទូកឈ្មោះមហាពញាចក្រីបារមីសំរិទ្ធិស្រីសួគ៌ របស់រាជធានីភ្នំពេញ និងលេខ៣ បានទៅទូកឈ្មោះព្រះទីនាំងសារ៉ាយអណ្តែតចង្ហាន់ហុយ មកពីខេត្តកំពង់ឆ្នាំង។

ចំណែកទូកចំនួន ៦ទៀត ត្រូវបានចាត់ទុកជាទូកតំណាងឲ្យផែនលេខ១ តាមប្រភេទទូកនីមួយៗ ក្នុងនោះផែនលេខ១ ទូកអុំបុរសបានទៅទូកឈ្មោះកំពូកពេជ្រទាបាញ់សែនជ័យ មកពីខេត្តព្រៃវៃង ឯផ្នែកនារីបានទីទូកឈ្មោះរន្ទៈពេជ្រសែនជ័យ ខេត្តកំពង់ឆ្នាំង។ ចំណែកផែនលេខ១ ទូកចែវបុរសបានទៅទូកឈ្មោះសម្តេចចៅហ្វាវាំងគង់ ខេត្តកំពង់ឆ្នាំង ឯផ្នែកបានទៅទូកឈ្មោះហោមានជ័យសេរីជលសា មកពីខេត្តកំពង់ចាម។

ចំពោះផែនលេខ១ទូកខ្នាតអន្តរជាតិវិញ គឺផ្នែកបុរសបានទៅទូកឈ្មោះនរិន្ទចេស្តាវង្សារង្សីកាកបាទមានជ័យបារមីតេជោ មកពីខេត្តបាត់ដំបង និងផ្នែកនារីបានទៅទូកឈ្មោះសក់ព្រះច័ន្ទសែនជ័យ មកពីខេត្តកំពង់ស្ពឺ ហើយទូក ដែលបានរាប់រៀបឈ្មោះខាងលើនេះ សុទ្ធតែទទួលបានពាន ដែលប្រគល់ដោយផ្ទាល់ពីសំណាក់ព្រះមហាក្សត្រ នរោត្តម សីហមុនី។

យ៉ាងណាមិញ សម្រាប់ជយលាភីក្នុងការប្រណាំងវិញ ត្រូវបានបែងចែកទៅតាមប្រភេទទូក ដែលក្នុងនោះរួមមានទូកខ្នាតអន្តរជាតិនារី លេខ១ មាន ១ទូក លេខ២ មាន ១ទូក និងលេខ៣ មាន ១ទូក។ ចំណែកទូកខ្នាតអន្តរជាតិបុរស លេខ១ មាន ១៦ទូក លេខ២ មាន ២៩ទូក លេខ៣ មាន ២៨ទូក និងលេខ៤ មាន ៨ទូក។

ចំពោះទូកអុំនារីតាមលក្ខណៈប្រពៃណី លេខ១ មាន ១ទូក ឯទូកអុំបុរសអុំតាមលក្ខណៈប្រពៃណី លេខ១ មាន ១៥ទូក លេខ២ មាន ៣៣ទូក លេខ៣ មាន ២០ទូក និងលេខ៤ មាន ៨ទូក។ ចំណែកទូកចែវនារី លេខ១ មាន ១ទូក និងលេខ២ មាន ១ទូក ខណៈទូកចែកបុរស លេខ១ មាន ៥ទូក លេខ២ មាន ១១ទូក លេខ៣ មាន ៨ទូក និងលេខ៤ មាន ៣ទូក៕