អ្នកប្រដាល់ជានារី របស់កម្ពុជាចំនួន ២នាក់គឺកីឡាការិនី វី ស្រីខួច និង នូវ ស្រីពៅ បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ ដើម្បីចូលរួមការប្រកួតជើងឯកប្រដាល់សកលនារីទ្វីបអាស៊ី ឆ្នាំ២០១៧ ឬ Asian Women’s Boxing Championships 2017(ASBC) ជាលើកដំបូង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ។

កីឡាការិនី វី ស្រីខួច និង នូវ ស្រីពៅ សុទ្ធតែមានបទពិសោធតិចតួច ក្នុងការប្រកួតប្រដាល់សកល ប៉ុន្តែអ្នកទាំង ២មានបទពិសោធច្រើនក្នុងការប្រកួតគុនខ្មែរ និងការប្រកួតវាយដាក់ទ្រុង ពិសេស វី ស្រីខួច ព្រោះកីឡាការិនីរូបនេះ ធ្លាប់ទាំងចេញទៅប្រកួតសេរី និងវាយដាក់ទ្រុងនៅក្រៅប្រទេសទៀតផង។

យ៉ាងណាមិញ សម្រាប់ការចេញទៅប្រកួតជើងឯកសកល Asian Women’s Boxing Championships 2017 នេះ វី ស្រីខួច ដែលទើបជួបភាពសោកសៅ ដោយសារបានបាត់ម៉ូតូ នៅកន្លែងហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ នោះ បានប្រាប់មុនចេញដំណើរថា៖ «ជីវភាពគ្រួសាររបស់ខ្ញុំ បានពឹងផ្នែកទៅប្រាក់ចំណូលពីការប្រកួតកីឡារបស់ខ្ញុំ អ៊ីចឹងសម្រាប់ការចេញទៅប្រកួតលើកនេះ ខ្ញុំបានតាំងចិត្តហើយថា នឹងខំប្រឹងប្រែងប្រកួតយកជ័យជម្នះ ដើម្បីប្រទេសជាតិ និងបានប្រាក់សម្រាប់ផ្គត់ផ្គងជីវភាពគ្រួសាររបស់ខ្ញុំ»។

ផ្ទុយពីនេះ លោក វ៉ែន សុផល ជាគ្រូបង្វឹកជម្រើសជាតិប្រដាល់សកល ដែលចេញដំណើរទៅប្រកួតនេះដែរ ហាក់មិនសង្ឃឹមខ្ពស់ដូច វី ស្រីខួច នោះទេ។ លោកបាននិយាយថា៖ «នេះជាលើកទី១ហើយ ដែលយើងត្រូវទៅចូលរួមការប្រកួតដ៏ធំមួយនេះ ហេតុនេះខ្ញុំមិនទាន់ហ៊ានអះអាងថា កីឡាការិនីរបស់យើង នឹងទទួលបានលទ្ធផលនោះទេ ព្រោះព្រឹត្តិការណ៍នេះមានអ្នកខ្លាំងៗមកពីជាង៣០ប្រទេសចូលរួម អ៊ីចឹងយើងមានតែរងចាំអ៊ុតមើល ការប្រកួតនេះទាំងអស់គ្នា»។

សម្រាប់ការចេញទៅប្រកួតជើងឯកប្រដាល់សកលនារីទ្វីបអាស៊ី ឆ្នាំ២០១៧ នេះកីឡាការិនី វី ស្រីខួច ត្រូវប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ហើយកីឡាការិនី នូវ ស្រីពៅ ប្រភេទក្នុងទម្ងន់ ៥៤កីឡូក្រាម។ ចំណែកកីឡាការិនី អេ យ៉ានុត កូនស្រីរបស់ អេ ភូថង ដែលគ្រោងទៅប្រកួតដែរនោះ គឺបែរជាមិនបានទៅចូលរួមការប្រកួតនេះវិញ ដោយសារកីឡាការិនីរូបនេះ មានអាយុតិចពេក មិនគ្រប់តាមលក្ខខណ្ឌនៃការប្រកួតរបស់គេ៕