ក្រុមហ៊ុន 7NG បានធ្វើការប្រមែប្រមូលក្រុមបាល់ទាត់នៅតាមភូមិ និងឃុំ ដែលមានមូលដ្ឋាននៅវិហារសួគ៌ ដើម្បីបង្កើតឲ្យមានការប្រកួតដណ្តើមពាន ជាលើកដំបូង នៅលើដីអភិវឌ្ឍន៍របស់ខ្លួន ស្ថិតនៅក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ការប្រកួតបាល់ទាត់ ដែលទើបត្រូវបានបង្កើតឡើងនេះ គឺបានចាប់ដំណើរការប្រកួត វិលជុំ អមជាមួយការប្រកួតកីឡាប្រណាំងសេះប្រចាំខែវិច្ឆិកា ដណ្តើមពានរង្វាន់ SCT Sport Complex កាលពីថ្ងៃអាទិត្យ ម្សិលមិញ ហើយក្នុងព្រឹត្តិការណ៍នោះ ក៏មានរៀបចំឲ្យមានការរត់ប្រណាំងបែបកម្សាន្តរបស់ក្មេងៗនៅទីនោះផងដែរ។

ទាក់ទងនឹងការប្រកួតនេះ លោក ស្រី ចន្ថា ប្អូនប្រុសរបស់លោកឧកញ៉ា ស្រី ចន្ធូ ដែលជាប្រធានក្រុមហ៊ុន 7NG និងអ្នកផ្តួចផ្តើមឲ្យមានប្រកួតប្រណាំងសេះដណ្តើមពាន SCT Sport Complex បានប្រាប់ថា៖ «ព្រឹត្តិ្កការណ៍បាល់ទាត់ ដែលយើងបានបង្កើតឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ 7NG នេះ គឺជាលើកទី១ ហើយយើងបង្កើតឡើង ដើម្បីផ្តួចផ្តើមឲ្យមានសាមគ្គីភាពនៅក្នុងតំបន់ បង្កើនការរិតចំណងមិត្តភាព និងចូលរួមជួយពង្រឹងផ្នែកវិស័យកីឡាបាល់ទាត់»។

បើតាមលោក ស្រី ចន្ថា គឺការប្រកួតបាល់ទាត់នេះលេងជាលក្ខណៈលីក សន្សុះពិន្ទុ ដោយមាន៨ក្រុមចូលរួម ហើយអាចប្រើពេលប្រកួតចំនួន២ខែ ព្រោះការប្រកួតត្រូវបានធ្វើឡើងតែរៀងរាល់ថ្ងៃអាទិត្យទេ។ ចំណែកលក្ខខណ្ឌនៃការប្រកួតវិញ គឺបើកចំហរគ្រប់អាយុ ប៉ុន្តែកីឡាករអាជីព គឺលុះត្រាតែឈប់លេងក្នុងកម្រិតអាជីពចាប់ពី៥ឆ្នាំ ទើបឲ្យចូលរួមប្រកួតក្នុងពាននេះ។

លោក ស្រី ចន្ថា ដែលជាកីឡាករម្នាក់ ចូលរួមការប្រកួតនេះដែរ បានបញ្ជាក់ថា៖ «ការប្រកួតលើកទី១នេះ យើងមាន៨ក្រុមចូលរួម ដោយលេងជាលក្ខណៈលីកសន្សំពិន្ទុ ហើយអាចចំណាយពេលប្រកួតចូល២ខែ ហើយបន្ទាប់ពីបញ្ចប់ពាននេះទៅ យើងអាចរៀបចំឲ្យមានជា១២ក្រុម ឬ១៤ក្រុម ដើម្បីបង្កើនការប្រកួតកីឡា នៅតំបន់យើង ឲ្យរីកច្រើនថែមទៀត»៕