ក្រុម Ajax Amsterdam ដែលជាអតីតម្ចាស់ជើងឯក European Cup បានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូលដោយងាយ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Dynamo Kiev ក្នុងការប្រកួតជើងទី២ នៃវគ្គ Playoff របស់ពួកគេ ដើម្បីជួយឲ្យក្រុមរបស់ហូឡង់ ឈ្នះទាំង ២ជើង ៣-១ លើក្រុមរបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ។
Ajax បានចូលរួមជាមួយនឹងក្រុម Young Boys ដែលបានផ្តួលក្រុម Dinamo Zagreb នៅក្រៅទឹកដី ដើម្បីឈ្នះទាំង២ជើង ៣-២ លើក្រុមរបស់ក្រូអាស៊ី និងក្រុម AEK Athens ដែលដណ្តើមបានលទ្ធផលស្មើ ១-១ លើទឹកដីខ្លួនឯង ជាមួយនឹងក្រុម FC Vidi ក្រោយពីឈ្នះក្នុងការប្រកួតជើងទី១ ២-១ ក្នុងប្រទេសហុងគ្រី។ ក្រុម Dynamo Kiev បានដាក់សម្ពាធនៅរយៈពេល១០នាទីដំបូង នាកីឡដ្ឋាន Olympic ខណៈដែលកីឡាករ Benjamin Verbic បានបង្ខំឲ្យមានការសង្គ្រោះបាល់យ៉ាងល្អពីសំណាក់អ្នកចាំទី Andre Onana របស់ក្រុម Ajax ប៉ុន្តែ ក្រុមម្ចាស់ផ្ទះបានស្ថិតក្រោមសម្ពាធវិញ ខណៈដែលក្រុមភ្ញៀវ បានបង្ហាញពីទម្រង់លេងល្អប្រសើរជាង។
ក្នុងការប្រកួតជើងទី២ នៅរាត្រីនេះ ក្រុម Salzburg នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Red Star Belgrade ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងរដ្ឋធានីរបស់ប្រទេសស៊ែប៊ី ខណៈដែល PSV Eindhoven នឹងត្រូវការពារការនាំមុខ ៣-២ របស់ខ្លួន នៅពេលទទួលក្រុម BATE Borisov ហើយក្រុម PAOK និង Benfica នឹងប្រជែងយកឈ្នះរឿងខ្លួន ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងទីក្រុង Lisbon៕