កីឡាករប្រដាល់គុនខ្មែរវ័យក្មេងដ៏ឆ្នើម សុខ ធី បានធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងលោកហ៊ុន ចាន់រាជ និងគ្រូបង្វឹកផ្ទាល់របស់គេគឺលោកសាន សៅយ៉ាន់ កាលពីរសៀលថ្ងៃអង្គារម្សិលមិញ ដើម្បីទៅចូលរួមការប្រកួតសងសឹកជាមួយនឹងកីឡាករជើងចាស់របស់ថៃ Lerdsila PhuketTopTeam ក្នុងទីក្រុងហ្សាការតា នៅថ្ងៃសៅរ៍ ខាងមុខនេះ។

កីឡាករវ័យ ២០ឆ្នាំរូបនេះ នឹងត្រូវជម្រះម្សិលមិញសង្ស័យផ្សេងៗ ក្នុងពេលជួបកីឡាករថៃ Lerdsila ក្នុងការប្រកួត Muay Thai Super Series ទម្ងន់ ៦១,២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ ONE: Warrior’s Dream នៅលើសង្វៀន Stadium Istora ក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះគឺជាការជួបគ្នាជាលើកទី២រវាងកីឡាករទាំង២ ក្រោយពីកីឡាករថៃ Lerdsila វ័យ៣៧ឆ្នាំបានយកឈ្នះលើកីឡាករកម្ពុជា សុខ ធី ដោយពិន្ទុទាំងចម្រូងចម្រាស់កាលពីខែមិថុនា ដែលនៅពេលនោះសុខ ធីមានប្រៀប ២ទឹកដាច់ក្នុងការប្រកួត ៣ទឹក ប៉ុន្តែបែរជាត្រូវកាត់សេចក្តីឲ្យចាញ់ទៅវិញ។

ក្រោយពីមានការតវ៉ាផ្សេងៗឲ្យមានការពិនិត្យឡើងវិញ នាយកប្រតិបត្តិរបស់អង្គភាពរៀបចំការប្រកួតគុនចម្រុះ និងប្រដាល់សេរី ONE Championship បានសម្រេចផ្តល់ប្រាក់លួងចិត្តចំនួន ៥០០០ដុល្លារ ទៅលើតម្លៃខ្លួន ទៅឲ្យកីឡាករសុខ ធី។ មុនពេលចេញដំណើរកាលពីថ្ងៃអង្គារ លោកហ៊ុន ចាន់រាជ គ្រូបង្វឹកក្លិប Cambodia Top Team និងជាប្រតិភូនាំកីឡាករ បានប្រាប់ថា៖ «ក្នុងការប្រកួតជាលើកទី២នេះ យើងជឿជាក់ថា សុខ ធី អាចសងសឹងបាន ព្រោះយើងបានហ្វឹកហាត់ត្រៀមបានល្អ ពិសេសផ្តោតលើការរក្សាកម្លាំងប្រកួត និងកម្លាំងស៊ុះ ព្រោះឆ្លងកាត់តាមរយៈការប្រកួតលើកមុន កីឡាករថៃ មានកម្លាំងទន់ខ្សោយជាង»។ កីឡាករថៃ Lerdsila គឺជាអ្នកប្រដាល់មួយថៃមានពោរពេញដោយបទពិសោធម្នាក់ ខណៈដែលរូបគេមានកំណត់ត្រាឈ្នះដល់ទៅ ១៨៧លើក ចាញ់ ៣១លើក និងស្មើ ៥លើក៕