ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី Luka Modric បានស្វាគមន៍ការវិលត្រឡប់របស់អ្នកគាំទ្រម្ចាស់ផ្ទះសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ Nations League ដ៏លំបាកជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងទីក្រុង Zagreb នៅរាត្រីនេះ។

ក្រុមជើងឯករងនៃព្រឹត្តិការណ៍ World Cup មួយនេះ ត្រូវបានបង្ខំឲ្យលេងការប្រកួតលើទឹកដីខ្លួនឯង ២លើកចុងក្រោយដោយគ្មានអ្នកទស្សនា ក្រោយពីបានរងពិន័យពី UEFA ដោយសារតែការបញ្ចេញកាយវិការបែបរើសអើងជាតិសាសន៍របស់ពួកគេ នៅមុនពេលការប្រកួតជម្រុះ Euro លើទឹកដីខ្លួនឯងជាមួយនឹងក្រុមជម្រើសជាតិអ៊ីតាលី។ នោះគឺជាការប្រព្រឹត្តខុសលើច្បាប់រើសអើងជាតិសាសន៍ចុងក្រោយបំផុតដែលបានធ្វើឲ្យក្រុមជម្រើសជាតិក្រូអាស៊ី រងពិន័យជាបន្តបន្ទាប់។

នៅមុនពេលការប្រកួតនៅកីឡដ្ឋាន Maksimir កីឡាករ Modric បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងនឹងត្រូវជួបការប្រកួតដ៏លំបាកមួយ។ យើងត្រូវតែមានការអត់ធ្មត់ ឆ្លាតវៃ និងមិនត្រូវស្លន់ស្លោឡើយ»។ ខ្សែបម្រើរបស់ក្លិប Real Madrid វ័យ២៣ឆ្នាំរូបនេះ បានបន្ថែមទៀតថា៖ «ការលេងនៅពីមុខអ្នកទស្សនាពេញកីឡដ្ឋាន គឺជាការលើកទឹកចិត្តបន្ថែមមួយ។ អ្នកគាំទ្រនឹងក្លាយជាកត្តាដ៏សំខាន់សម្រាប់យើង យើងនឹងប្រឹងឲ្យអស់ពីសមត្ថភាព និងព្យាយាមឈ្នះ»។ ក្រុមជម្រើសជាតិក្រូអាស៊ី ត្រូវតែឈ្នះជាដាច់ខាត ប្រសិនបើពួកគេចង់រក្សាក្តីសង្ឃឹមរបស់ខ្លួន ក្នុងយុទ្ធនាការ Nations League។ ត្រឹមតែរយៈពេល២ខែ ក្រោយពីបានឈានទៅប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ មុននឹងពួកគេបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិបារាំងក្នុងលទ្ធផល ៤-២ ក្រុមជម្រើសជាតិក្រូអាស៊ី បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងទីក្រុង Elche ក្នុងការប្រកួតបើកឆាករបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ Worldsoccertalk