កីឡាករប្រដាល់ជើងចាស់ Manny Pacquiao បានប្រកាសកាលពីថ្ងៃចន្ទថា រូបគេនឹងការពារខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់ ៦៦,៧គីឡូក្រាមពីស្ថាប័ន WBA របស់គេ ជាមួយនឹងកីឡាករ Adrien Broner ក្នុងទីក្រុង Las Vegas នាថ្ងៃទី១៩ ខែមករា ដើម្បីបញ្ចប់ការអវត្តមានរយៈពេល ២ឆ្នាំនៅលើសង្វៀន លើទឹកដីសហរដ្ឋអាមេរិក។

ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងញូវយ៉ក មន្ត្រីពាក់ព័ន្ធជាច្រើនបានប្រកាសថា Pacquaio វ័យ៣៩ឆ្នាំ នឹងប្រកួតជាមួយនឹង Broner នៅលើសង្វៀន MGM Grand Garden Arena។ Pacquiao កំពុងតែគ្រប់គ្រងខ្សែក្រវាត់ពីស្ថាប័ន WBA ក្នុងទម្ងន់៦៦,៧គីឡូក្រាម ដែលទាបជាងម្ចាស់ខ្សែក្រវាត់ WBA មិនស្គាល់ចាញ់ Keith Thurman ១កម្រិត ក្រោយពីបានយកឈ្នះលើកីឡាករអាហ្សង់ទីន Lucas Matthysse ក្នុងទីក្រុងគូឡាឡាំពួ កាលពីខែកក្កដា។

Pacquiao បានឲ្យដឹងថា៖ «ខ្ញុំបានខកខានក្នុងការប្រកួតក្នុងទីក្រុង Las Vegas។ វាជាផ្ទះទី២របស់ខ្ញុំ។ ការវិលទៅកាន់សង្វៀន MGM Grand Garden Arena ដើម្បីការពារខ្សែក្រវាត់ពិភពលោករបស់ខ្ញុំ ជាមួយនឹង Adrien Broner គឺជារឿងដ៏រំភើបមួយក្នុងការអបអរការវិលត្រឡប់ទៅផ្ទះរបស់ខ្ញុំ»។ Pacquiao ដែលឈ្នះ៦០លើក ចាញ់៧លើក ស្មើ២លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៣៩លើកក្នុងអាជីពមួយដែលបានចាប់ផ្តើមកាលពីឆ្នាំ១៩៩៥នោះ នឹងឈានចូលវ័យ៤០ឆ្នាំ នៅខែធ្នូ ស្របពេលដែល American Broner មានកំណត់ត្រាឈ្នះ៣៣លើក ចាញ់៣លើក ស្មើ១លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់២៤លើក។ Pacquiao ដែលជាកីឡាករតែម្នាក់ក្នុងការឈ្នះខ្សែក្រវាត់ពិភពលោក៨ប្រភេទទម្ងន់ផ្សេងគ្នានោះ បានបន្តប្រកួត ក្រោយពីបានលុបចោលការសម្រេចចិត្តក្នុងការចូលនិវត្តន៍របស់ខ្លួនកាលពីឆ្នាំ២០១៦៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia