វីរបុរសនិងជាអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Didier Drogba បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់ជាផ្លូវការណ៏ហើយក្រោយចំណាយពេល ២ទសវត្សកន្លងមក។

Drogba បច្ចុប្បន្នមានវ័យ ៤០ឆ្នាំសញ្ជាតិកូឌីវ័ររូបនេះធ្លាប់លេងអោយក្រុម Chelsea ២ដងនៅចន្លោះឆ្នាំ(២០០៤ ដល់ ២០១២) និង (២០១៤-២០១៥) ដោយស៊ុតបញ្ចូលទីបាន ១៦៤គ្រាប់ក្នុង ៣៨១ប្រកួតនិងបានជួយក្រុមឈ្នះជើងឯកក្របខ័ណ្ឌ Premier League ចំនួន ៤ដង និងពានរង្វាន់ក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ២០១២ ដោយផ្តួលក្រុម Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។

មុនបញ្ចប់អាជីព Drogba ធ្លាប់បានចំណាយពេល ១៨ខែចុងក្រោយនៃអាជីពរបស់គាត់ជាមួយក្រុម Phoenix Rising បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ United Soccer League Cup នៅដើមខែនេះ ដោយការប្រកួតចុងក្រោយរបស់គាត់ក្រុម Phoenix Rising បានបរាជ័យក្នុងលទ្ធផល ១-0 ក្រោមស្នាដៃក្រុម Louisville City នៅក្របខ័ណ្ឌលំដាប់ទី២ របស់សហរដ្ឋអាមេរិក។

Drogba បានផ្តល់កិច្ចសម្ភាសន៏ដល់សារព័ត៌មាន Sporthour របស់ BBC World Service ថា: ក្រោយចំណាយពេលនៅលើទីលាន ២០ឆ្នាំកន្លងមកនេះ ខ្ញុំបានសម្រេចចិត្តបញ្ចប់អាជីពរបស់ខ្ញុំ

Drogba មិនធ្លាប់លេងនៅក្របខណ្ឌលីកកំពូលនោះទេរហូតដល់ អាយុ ២៣ឆ្នាំនៅពេលដែលក្រុម Guingamp របស់បារាំងបានចុះហត្ថលេខានាំយករូបគេពីក្រុមនៅលំដាប់ទី២ Ligue ២ Le Mans កាលពីខែមករាឆ្នាំ២០០២ មករួមក្រុម ក្រោយមក Drogba បានផ្លាស់ទៅ Marseille ក្រោយរយៈពេលខែហើយរដូវកាលបន្ទាប់នៅឆ្នាំ២០០៤ រូបគេបានផ្លាស់ទៅលេងអោយក្រុម Chelsea ក្នុងតម្លៃខ្លួន ២៤លានផោន និងជាទីកន្លែងដែលគាត់បានមានឪកាសបង្ហាញខ្លួន ជាមួយទម្រង់លេងរីកចំរើនបំផុតក្នុងអាជីព។

ក្នុងអាជីពបាល់ទាត់ Drogba ក៏ធ្លាប់ឈ្នះពានស្បែកជើងមាស(Golden Boot)នៅរដូវកាល២០០៦-២០០៧ និង ឆ្នាំ២០០៩-២០១០ ហើយធ្លាប់បានចំណាយពេល ៦ខែលេងអោយក្រុម Shanghai Shenhua(២០១២-២០១៣)ព្រមទាំងនៅលីកកំពូលតួគីជាមួយក្រុម Galatasaray នៅរដូវកាល(២០១៣-២០១៤)មុនពេលវិលត្រលប់មក Chelsea វិញនៅឆ្នាំ២០១៤។

ប្រភព៖ BBC