ខ្សែប្រយុទ្ធ Neymar របស់ក្រុម Paris St-Germain ចូលលេងបាន ត្រឹមតែ ៦នាទីប៉ុណ្ណោះ ខណៈក្រុមជម្រើសជាតិប្រេស៊ីលបានយកឈ្នះក្រុមជម្រើសជាតិកាមេរ៉ូនក្នុងលទ្ធផល ១:0 នៅកីឡាដ្ឋាន Milton Keynes ចក្រភពអង់គ្លេស។ អតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះ បានរងរបួសសរសៃពួរសាច់ដុំនៅពេលស៊ុតបាល់ចេញពីជើងបាន ១គ្រាប់ និងត្រូវបានប្តូរជំនួសដោយ Richarlison របស់ក្រុម Everton។ អតីតខ្សែប្រយុទ្ធក្រុម Watford កីឡាករ Richarlison បានរកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមម្ចាស់ជើងឯក World Cup ៥សម័យប្រេស៊ីលនៅនាទីទី៤៥ ជិតបញ្ចប់តង់ទី១។

ឮអ្នកគាំទ្រចំនួន ២៩.៦៦៩នាក់នៅឯកីឡាដ្ឋាន Stadium MK បានស្រែកហ៊ោយ៉ាងខ្លាំងនៅពេលដែលកីឡាករ Neymar បានចេញមកកម្ដៅសាច់សុំ ប៉ុន្តែពួកគេបានបង្ហាញអារម្មណ៏មិនសប្បាយចិត្តនោះទេនៅពេលដែលឃើញតារាក្នុងដួងចិត្តជួបបញ្ហាត្រូវផ្លាស់ចេញ។

វេជ្ជបណ្ឌិតសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលលោក Rodrigo Lasmar បាននិយាយថា: Neymar មានអារម្មណ៍ មិនស្រួលនឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីវាយតម្លៃនិងធ្វើការស្កេន ប៉ុន្តែ វាមិនមែនជាការរងរបួសធ្ងន់ធ្ងរឡើយ។ Neymar បានធ្វើការឆ្លើយតបនៅលើបណ្តាញទំនាក់ទំនង Instagram ថា: សូមអរគុណដល់អ្នកទាំងអស់គ្នាដែលផ្ញើសារមកខ្ញុំដែលចង់ឱ្យខ្ញុំមានការស្ទុះឡើងវិញឆាប់រហ័សខ្ញុំមិនគិតថាវាជារឿងធ្ងន់ធ្ងរទេ

ស្របពេលជាមួយគ្នានេះដែរមិត្តរួមក្រុម PSG របស់ Neymar គឺខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe បាន រងរបួសស្មាខណៈពេលប្រកួតមិត្តភាព អោយបារាំងផ្តួលក្រុមអ៊ុយរូហ្គាយនោះ។ ការប្រកួតបន្ទាប់ទៀតរបស់ម្ចាស់ការពារតំណែងជើងឯក PSG និងកំពុងនាំមុខតារាងរដូវកាលថ្មី(២០១៨-២០១៩)គឺទទួលក្រុម Toulouse នៅថ្ងៃសៅរ៍ចុងសប្តាហ៏ខាងមុខនេះ។

ប្រភព៖ bbc