ការប្រជែងរបស់ក្រុម Juventus ក្នុងការឈ្នះពានក្របខ័ណ្ឌ Serie A ជាលើកទី៨ ជាប់ៗគ្នា បានជួបការជឿជាក់បន្ថែមទៀតកាលពីថ្ងៃសៅរ៍ ក្រោយពីក្រុមគូប្រជែងពាន Napoli បានជួបការខកចិត្តតាមរយៈការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ពេលជួបក្រុមបាតតារាង Chievo។

ក្រុមឈរលេខ២ របស់លោក Carlo Ancelotti ត្រូវការឈ្នះដើម្បីរក្សាការដេញតាមពីក្រោយក្រុម Juventus ៦ពិន្ទុ ប៉ុន្តែ មិនអាចទម្លុះតំបន់ការពាររបស់ក្រុម Chievo បានឡើយ នាកីឡដ្ឋាន Stadio San Paulo ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ មុននឹងពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Red Star Belgrade ក្នុងក្របខ័ណ្ឌ Champions League។ បច្ចុប្បន្នក្រុម Napoli កំពុងដេញតាម ៨ពិន្ទុពីក្រោយក្រុម Juventus ដែលបានផ្តួលក្រុម SPAL ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធ Cristiano Ronaldo និង Mario Mandzukic។ លោក Ancelotti បានឲ្យដឹងថា៖ «វាគ្មានចំណុចអ្វីដែលត្រូវមើលតារាងក្របខ័ណ្ឌ Serie A នៅពេលនេះឡើយ។ យើងនឹងមើល ហើយនិងវាយតម្លៃនៅពាក់កណ្តាលរដូវកាល»។

ស្របពេលជាមួយគ្នានេះ ក្រុម Inter Milan ដេញតាមពីក្រោយដល់ទៅ៩ពិន្ទុក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីបានយកឈ្នះលើក្រុម Frosinone ក្នុងលទ្ធផល ៣-០៕

ប្រភព៖ Channel News Asia