ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្ម សម្រាប់ការប្រកួតផ្លូវការ នៅលើឆាកអន្តរជាតិ ប្រចាំឆ្នាំ២០១៨ របស់ខ្លួនហើយ តែលទ្ធផលដែលទទួលបាន គឺមិនបានបំពេញតាមការចង់បានរបស់អ្នកគាំទ្រនោះទេ បើទោះបីជាចំនួនអ្នកគាំទ្រនៅកម្ពុជា បានកម្រើកឡើងវិញ ក្នុងឆ្នាំនេះ ដោយសារពួកគេបានចាប់អារម្មណ៍ ការចូលមកដឹកនាំក្រុមកម្ពុជា ពីសំណាក់ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះរបស់ជប៉ុន Keisuke Honda ក៏ដោយ។

ការមិនសូវពេញចិត្ត ជាមួយលទ្ធផលមិនគប់ប្រសើររបស់ក្រុមជម្រើសជាតិកម្ពុជា គឺការចាញ់ក្រុមម៉ាឡេស៊ី ៣-១ ស្មើក្រុមទីម័រ ២-២ និងការចាញ់ក្រុមជម្រើសជាតិសិង្ហបុរី ២-១ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ព្រមទាំងការបន្តចាញ់ម៉ាឡេស៊ី ១-០ និងចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៤-១ ក្នុងការប្រកួតផ្លូវការពានរង្វាន់ AFF Suzuki Cup 2018 ក្រោមការដឹកនាំរបស់ Keisuke Honda និងគ្រូបង្វឹកលោក Felix Dalmas ត្រូវបានលាងជម្រះឲ្យមានភាពប្រសើរបន្តិចវិញ បន្ទាប់ពីកម្ពុជា បានយកឈ្នះក្រុមឡាវ ៣-១ ក្នុងការប្រកួតជម្រុះលើកទី៣ នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃទី២០ ខែវិច្ឆិកា។

ជ័យជម្នះជាលើកដំបូងលើក្រុមឡាវ ៣-១ ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលរកបានដោយខ្សែប្រយុទ្ធដ៏មានប្រជាប្រិយទាំង៣មាន ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង នេះបានធ្វើឲ្យអ្នកគាំទ្រភាគច្រើនរបស់កម្ពុជា មានការរំភើប និងបាននាំគ្នាសរសើរថា «ក្រុមកម្ពុជាមានទម្រង់លេងល្អ» ពេលជួបក្រុមឡាវ។

ប៉ុន្តែការមកចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ៣-០ ក្នុងការប្រកួតបង្រ្គប់កិច្ច លើកចុងក្រោយ កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ បានធ្វើឲ្យអ្នកគាំទ្រភាគច្រើន មានការខកចិត្ត និងបានរិះគន់ខ្លាំងទៅលើការរៀបចំប្រព័ន្ធលេងរបស់ក្រុមកម្ពុជា ពីសំណាក់គ្រូបង្វឹក Felix Dalmas ដែលដាក់កីឡាករខ្ចីបទពិសោធភាពច្រើនឲ្យចូលលេង ហើយអ្នកខ្លះបានប្រដូចទម្រង់លេងនោះថា «ជាការលេងបែបកូនក្មេង» គឺចាំតែការពារនៅមុខទីខ្លួនឯង គ្មានការវាយលុកទៅលើក្រុមវៀតណាម អីសោះ។

យ៉ាងណាក៏ដោយ ចំពោះអ្នកគាំទ្រមួយចំនួនទៀត ដែលមានការគិតគូរបានជ្រាលជ្រៅទៅលើសមត្ថភាពលេងរបស់ក្រុមកម្ពុជា នោះ មិនបានសម្តែងការខកចិត្ត ឬរិះគន់អ្វីទេ ផ្ទុយទៅវិញពួកគេបែរជាអាណិតលោក Felix Dalmas ដែលបានខំដឹកនាំក្រុមកម្ពុជា ដោយការអត់ធ្មត់ ព្រោះពួកគេយល់ថា សមត្ថភាពលេងរបស់កម្ពុជា មិនអាចទៅរួចជាមួយក្រុមវៀតណាមនោះទេ។ មានអ្នកខ្លះនិយាយបែបថា «រៀបប្រព័ន្ធលេងការពាររបៀបនេះហើយ នៅចាញ់គេ ៣-០ ចុះទម្រាំលេងបែបវាយបកទៅគេវិញនោះ តើក្រុមកម្ពុជា នឹងចាញ់ប៉ុន្មានគ្រាប់?»

ជាមួយគ្នានេះ លោក Felix Dalmas នៅតែពោលពាក្យសរសើរដល់ក្រុមកម្ពុជា ដោយមានទំនួលខុសត្រូវថា៖ «យើងពិតជាមានមោទនភាពនូវអ្វីដែលក្រុមបានធ្វើដោយបានតស៊ូរហូតដល់ទីបញ្ចប់ជាមួយ ឆន្ទៈ និងការតាំងចិត្តដើម្បីប្រឈមជាមួយការលេង។ នេះគឺជាការសន្យាមួយសម្រាប់ថ្ងៃអនាគត ហើយសម្រាប់អ្នកគាំទ្រ យើងសូមអរគុណរាល់ការលើកទឹកចិត្តជារៀងរហូតមក»។

ចំណែក Keisuke Honda ដែលជាអ្នកចាត់ការទូទៅ ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បាននិយាយថា លោកមិនផ្ដោតសំខាន់ទៅលើលទ្ធផលឈ្នះ ឬចាញ់ប៉ុន្មានឡើយ ប៉ុន្តែលោកផ្តោតលើការរីកចម្រើនរបស់ក្រុមពីមួយប្រកួតទៅមួយប្រកួត ព្រោះការអភិវឌ្ឍបាល់ទាត់មិនមែនត្រឹមតែ១ថ្ងៃ ១សប្ដាហ៍ ២ឆ្នាំ ឬ២ឆ្នាំឡើយធ្វើទៅកើតនោះទេ តែត្រូវការពេលវេលាយូរ ទើបក្រុមបាល់ទាត់មួយខ្លាំងបាន៕