ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នឹងចាប់ដំណើរការប្រកួត នៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ ថ្ងៃចន្ទនេះ ហើយគ្រោងបញ្ចប់នៅថ្ងៃពុធ ដើម្បីស្វែងរកជើងខ្លាំងទៅតាមជំនាញទាំង៣ គឺចំបាប់បុរាណ ចំបាប់សម័យសេរី និងចំបាប់ក្រិចកូរ៉ូម៉ាំង ប្រចាំឆ្នាំនេះ។

តាមរបាយការណ៍ប្រកួតរបស់គណៈកម្មការរៀបចំនៃសហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៨នេះ មានកីឡាករ៨៨នាក់ និងកីឡាការិនី២០នាក់ សរុបមាន១១៩នាក់ បានចូលរួម ដោយពួកគេត្រូវលេងតំណាងឲ្យក្លិបចំនួន៨ ក្នុងនោះមានក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, យាយព្រីងមានរិទ្ធិ, រិទ្ធីសែនខេត្តកំពង់ឆ្នាំង, ឃ្លាំងមឿងខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, បារមីម៉ឺនឯក និងក្លិបប្រយ៉ាបមានរិទ្ធិ។

នៅក្នុងចំនួនអ្នកចូលរួមទាំង១១៩នាក់នេះ គឺភាគច្រើនជាងយុវជន ហើយអ្នកទាំងនេះ នឹងត្រូវធ្វើការប្រកួតទៅលើជំនាញចំបាប់បុរាណ(បុរស-នារី) ចំបាប់សម័យសេរី(បុរស-នារី) និងចំបាប់ក្រិកកូរ៉ូម៉ាំង(បុរស) នៅលើវិញ្ញាសាសរុបចំនួន១៨ គឺមានការកើនឡើងជាងឆ្នាំ២០១៧ ដែលមានតែ១៦វិញ្ញាសា ព្រោះលើកនេះ សហព័ន្ធ បានបន្ថែមវិញ្ញាសាប្រកួតចំនួន២ទៀត គឺការប្រកួតចំបាប់សម័យនារី ទម្ងន់៥៣គីឡូក្រាម និងទម្ងន់សេរី (Open)។

បន្ថែមលើការបន្ថែមវិញ្ញាសាប្រកួតនេះ សហព័ន្ធកីឡាចំបាប់កម្ពុជា ក៏បានកែប្រែច្បាប់ និងបទបញ្ជានៃការប្រកួតមួយចំនួនផងដែរ ដើម្បីធ្វើឲ្យការប្រកួតថ្នាក់ជាតិនេះ ស្រប់ទៅតាមបទបញ្ជា និងការកែប្រែច្បាប់របស់សហព័ន្ធកីឡាចំបាប់អន្តរជាតិ ពិសេសដើម្បីធ្វើការប្រកួតជ្រើសរើសរកអត្តពលិកមានទេពកោសល្យ ត្រៀមដាក់ក្នុងក្រុមជម្រើសជាតិនេះ ប្រព្រឹត្តទៅដោយភាពស្វិតស្វាញ ជាការប្រកួតកន្លងមក។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ កាលពីថ្ងៃអាទិត្យថា៖ «ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ នៅឆ្នាំនេះ យើងមានការបន្ថែមនូវច្បាប់ និងបទបញ្ជាខ្លះ និងកាត់បទបញ្ជាចាស់ខ្លះចោល ហើយការធ្វើបែបនេះ ដើម្បីធ្វើឲ្យការប្រកួតរបស់យើងស្របទៅតាមការផ្លាស់ប្តូរនៃច្បាប់ និងបទបញ្ជាការប្រកួតរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិ ពិសេសធ្វើឲ្យការប្រកួតនេះ កាន់តែមានភាពស្វិតស្វាញ»។

ជុំវិញការចំណាយផ្សេងៗទៅលើការប្រកួតនេះ លោក ធិន វិចិត្រ បានបង្ហើបថា៖ «ដោយសារការចំណាយសរុបលើការប្រកួតនេះ អស់ចូល៦០លានរៀល ហើយកញ្ចប់ថវិកា ដែលយើងទទួលបានពីក្រសួងអប់រំ មានត្រឹម៣៦លានរៀលទេ អ៊ីចឹងការចំណាយបន្ថែមរៀងរាល់ឆ្នាំ គឺបានមកពីលោក Casey Barnett ដែលជាអនុប្រធានសហព័ន្ធ»។

ជាមួយគ្នានេះ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) តាមរយៈលោក Michael Sovann ដែលជាប្រធានផ្នែកកម្មវិធីនៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស ក៏ចូលរួមឧបត្ថម្ភ ដល់ការប្រកួតកីឡាចំបាប់ថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨នេះ នូវភេសជ្ជៈចំនួន៦០កេះ និងទឹកបរិសុទ្ធកម្ពុជា ចំនួន១០កេះ ផងដែរ។

ចំណែកការប្រកួតបើកឆាកនៅថ្ងៃចន្ទនេះ មានការប្រកួតចំបាប់សម័យសេរីបុរស លើប្រភេទទម្ងន់៥០គីឡូក្រាម ៥៧គីឡូក្រាម ៦១គីឡូក្រាម ចំបាប់បុរាណនារី ទម្ងន់៥០គីឡូក្រាម និងចំបាប់បុរាណបុរសទម្ងន់៤៨គីឡូក្រាម និងទម្ងន់៥៥គីឡូក្រាម គឺប្រកួតរហូតរកឃើញអ្នកឈ្នះមេដាយ រួចធ្វើពិធីបំពាក់មេដាយ ក្រោយការប្រកួតតែម្តង រីឯនៅថ្ងៃបន្ទាប់ ត្រូវប្រកួតវិញ្ញាសាថ្មីទៀត៕