ក្រុមកីឡាករ កីឡាការិនីចំបាប់ ដែលលេងតំណាងឲ្យក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឈ្នះមេដាយមាសច្រើនជាងគេ ជាបណ្តោះអាសន្ន ក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ហើយកីឡាករ រិទ្ធីសែនខេត្តកំពង់ឆ្នាំង ក៏បានរកឃើញមេដាយមាស ផងដែរ ប៉ុន្តែក្រសួងមហាផ្ទៃ បានឈ្នះត្រឹមឈ្នះមេដាយប្រាក់។

តាមរយៈការប្រកួតបើកឆាក កាលពីថ្ងៃចន្ទម្សិលមិញ កីឡាករ សឿន សម្ផស្ស បានឈ្នះមេដាយមាសឲ្យក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការប្រកួតចំបាប់សម័យសេរី ទម្ងន់៥៧គីឡូក្រាម ខណៈកីឡាករ នឿន នាងពិសី របស់ក្រសួងមហាផ្ទៃ បានឈ្នះមេដាយប្រាក់ ហើយ ជុន សុខុម របស់ខេត្តកណ្តាល និង យ៉េន ឈឹម របស់ក្លិបប្រយ៉ាបមានរិទ្ធិ ឈ្នះបានមេដាយសំរឹទ្ធស្ទួន។

បន្ថែមលើនេះ កីឡាការិនី វុត្ថា លក្ខិណា បានឈ្នះមេដាយមាសទី២ឲ្យក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការទទួលបានជ័យជម្នះទាំង៣ប្រកួត លើការប្រកួតចំបាប់បុរាណ ទម្ងន់៥០គីឡូក្រាម ឯ ឈឿន ស្រីឡាន របស់ខេត្តកណ្តាល បានឈ្នះមេដាយប្រាក់ និង លឹម គីមឡៃ របស់ខេត្តព្រៃវែង បានឈ្នះមេដាយសំរឹទ្ធ។

ចំណែកការប្រកួតចំបាប់សម័យសេរីបុរស ទម្ងន់៦១គីឡូក្រាម កីឡាករ ឈឿន ឈាង បានឈ្នះមេដាយមាសឲ្យក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១ទៀត ដោយរូបគេបានឈ្នះទាំង៤ប្រកួត ដើម្បីមាន១០ពិន្ទុ លើសកីឡាករម្ចាស់មេដាយប្រាក់ យិន ប៊ុណ្ណា របស់ក្រសួងមហាផ្ទៃ ខណៈកីឡាករ ខា ចាំ របស់ខេត្តពោធិ៍សាត់ បានឈ្នះមេដាយសំរឹទ្ធ។

ប៉ុន្តែសម្រាប់ការប្រកួតចំបាប់សម័យសេរី ទម្ងន់៥០គីឡូក្រាម កីឡាករ អូន តុលា របស់ក្លិបរិទ្ធីសែនខេត្តកំពង់ឈ្នះ បានឈ្នះមេដាយមាស ឯកីឡាករ ធា វាសនា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឈ្នះមេដាយប្រាក់ ហើយ ឌឿ យ៉ុម របស់ក្លិបរិទ្ធីសែន និង ឈឿន ធឿន របស់ខេត្តកណ្តាល បានឈ្នះមេដាយសំរឹទ្ធស្ទួន។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាលទ្ធផលបណ្តោះអាសន្ន នៃការប្រកួតថ្ងៃទី១ប៉ុណ្ណោះ ហើយនៅថ្ងៃអង្គារនេះ គណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងធ្វើការថ្លឹងទម្ងន់ រួចប្រកួតនៅលើវិញ្ញាសាមួយចំនួនទៀត រហូតដល់ថ្ងៃពុធ ដើម្បីរកឲ្យឃើញម្ចាស់មេដាយមាស ទាំង១៨វិញ្ញាសា ឬប្រភេទទម្ងន់។

គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នេះ មានកីឡាករ៨៨នាក់ និងកីឡាការិនី២០នាក់ បានចូលរួមប្រកួត ហើយពួកគេលេងតំណាងឲ្យក្លិបចំនួន៨ មានក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, យាយព្រីងមានរិទ្ធិ, រិទ្ធីសែនខេត្តកំពង់ឆ្នាំង, ឃ្លាំងមឿងខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, បារមីម៉ឺនឯក និងក្លិបប្រយ៉ាបមានរិទ្ធិ៕