សហព័ន្ធកីឡាកាយសម្ព័នកម្ពុជា បាននឹងកំពុងប្រើប្រាស់នូវបទបញ្ជាប្រកួតថ្មីមួយចំនួន ដែលមានភាពតឹងរឹង និងច្បាស់លាស់ នៅក្នុងការប្រកួតកីឡាកាយសម្ព័នជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី២ ឆ្នាំ២០១៨ ដែលបានបើកការប្រកួត ជាផ្លូវការ នៅក្នុងសាលដំបូលទុក នៃពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃចន្ទ នឹងគ្រោងបញ្ចប់នៅថ្ងៃព្រហស្បតិ៍។

ការពង្រឹងបទបញ្ជាប្រកួតនេះ ត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យដំណើរការជ្រើសរើសរកអត្តពលិកឆ្នើមថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨នេះ កាន់តែមានភាពប្រាកដប្រជា និងយុត្តិធម៌ ខណៈប្រាក់រង្វាន់នៃការប្រកួត ក៏ត្រូវបានលោកបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបង្កើនឡើងទ្វេរដងផងដែរ ដើម្បីសម្រួចការប្រកួតថ្នាក់ជាតិនេះ កាន់តែមានស្តង់ដារ ស្របទៅតាមការបម្រែបម្រួលរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ។

លោយ ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងប្រាប់ ក្នុងអំឡុងពេលប្រកួត កាលពីព្រឹកថ្ងៃចន្ទថា៖ «នៅមុនការប្រកួតនេះ យើងបានបើកវគ្គសិក្ខាសាលាបំប៉នបច្ចេកទេសចៅក្រម ដល់គណៈកម្មការបច្ចេកទេស រួចហើយ ដោយយើងបាននាំយកនូវបទបញ្ជាមួយចំនួន ដែលសហព័ន្ធកីឡាសម្ព័ន្ធអន្តរជាតិ ទើបមានការកែប្រែ ឲ្យពួកគាត់បានយល់ គឺសូម្បីតែគ្រូបង្វឹក ឬប្រតិភូមួយចំនួន ក៏យើងឲ្យចូលរួមវគ្គបំប៉ននេះដែរ ដើម្បីឲ្យគាត់បានយល់ពីលក្ខណៈបច្ចេកទេស ជៀសវាងការប្រកួតមានបញ្ហាខ្វែងគំនិតគ្នា»។

លោក ណយ ផាន់ណា បានសង្កត់ធ្ងន់ថា៖ «យើងបានដាក់បទបញ្ជាតឹងរឹងបំផុត សម្រាប់ការប្រកួតនេះ ដោយមិនមានការយោគយល់អ្វីឡើយ ព្រោះកីឡា ត្រូវតែ មានយុត្តិធម៌ និងតម្លាភាព ក្នុងការផ្តល់ពិន្ទុ អ៊ីចឹងបើខ្ញុំសង្កេតឃើញថា គ្រូ ឬបុគ្គលណាមួយ ធ្វើការងារ មានការលម្អៀង ខ្ញុំអាចនឹងបញ្ឈជើងគាត់២ទៅ៤ឆ្នាំ»។

លោកបានបញ្ជាក់ថា៖ «បើយើងគិតតែកូនសិស្សយើង បក្សពួកយើង គឺមិនអាចទៅរួចទេ ហើយនេះជាទស្សនដ៏ច្បាស់លាស់មួយរបស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺលោកចង្អុលបង្ហាញ ត្រូវរើសកីឡាករល្អ កីឡាការិនីល្អ និងគ្រូល្អ ដែលមានឆន្ទៈ ដោយក្នុងនោះគណៈកម្មការបច្ចេកទេស ត្រូវតែធ្វើឲ្យមានលក្ខណៈយុត្តិធម៌បំផុត សម្រាប់ការប្រកួតនេះ ទើបយើងទទួលបានអត្តពលិកល្អ សម្រាប់ថ្នាលរបស់យើង»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាកាយសម្ព័នជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំ២០១៨ បានអត្តពលិកចំនួន៧៤នាក់ ចូលរួម ដោយពួកគេលេងតំណាងឲ្យខេត្តក្រចេះ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំ និងសមាគមក្រសួងមហាផ្ទៃ ហើយប្រភេទវិញ្ញាសាទាំង១៣ ត្រូវបានដាក់ឲ្យប្រកួតប្រជែង នៅឆ្នាំនេះ។

ជាមួយគ្នានេះ អត្តពលិកទាំង៧៤នាក់ ក៏មានភាពកក់ក្តៅ ក្នុងការប្រជែងគ្នារកមដាយផងដែរ ព្រោះនៅឆ្នាំនេះ លោក ថោង ខុន បានសម្រេចបង្កើនប្រាក់រង្វាន់ទ្វេរដង គឺអ្នកឈ្នះមេដាយមាស នឹងទទួលបាន៥០ម៉ឺនរៀល មេដាយប្រាក់ បាន៤០ម៉ឺនរៀល និងមេដាយសំរឹទ្ធ បាន៣០ម៉ឺនរៀល ដ្បិតអីលោកបានចំណាយថវិកាផ្ទាល់ខ្លួនជាង១១០០០ដុល្លារ សម្រាប់ទ្រទ្រង់ការប្រកួតនេះ គឺបន្ថែមទៅកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានត្រឹម៩០០០ដុល្លារ៕