អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់របស់អាមេរិកខាងត្បូងហៅកាត់ថា CONMEBOL កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ការប្រកួតពាន Copa Libertadores វគ្គផ្តាច់ព្រ័ត្រ ដែលត្រូវបានពន្យារពេល២លើក ជើងទី២ រវាងក្រុមអាហ្សង់ទីនដូចគ្នាគឺ River Plate និង Boca Juniors នឹងត្រូវលេងនៅថ្ងៃទី៩ ខែធ្នូ នាកីឡដ្ឋាន Santiago Bernabeu របស់ក្លិប Real Madrid។

ខណៈដែលត្រូវបានគ្រោងរៀបចំឡើងនៅកីឡដ្ឋាន Monumental របស់ក្រុម River ក្នុងទីក្រុង Buenos Aires កាលពីចុងសប្តាហ៍មុន វាត្រូវបានពន្យារពេល ក្រោយពីកីឡាករមួយចំនួនរបស់ក្រុម Boca បានរងរបួស នៅពេលដែលរថយន្តក្រុងរបស់ក្រុម បានរងនូវការវាយប្រហារពីសំណាក់អ្នកគាំទ្ររបស់គូប្រជែងខ្លួន តាមរយៈការចោលវត្ថុរឹងផ្សេងៗពីលើ។ ក្រុម Boca បានប្តឹងដល់គណៈកម្មាធិការវិន័យរបស់ CONMEBOL ដើម្បីទទួលបានពាននេះដោយមិនចាំបាច់ប្រកួត និងលុបឈ្មោះក្រុម River ចេញពីយុទ្ធនាការនេះ ប៉ុន្តែ សំណើនោះ ក៏ត្រូវបានច្រានចោលកាលពីថ្ងៃព្រសហ្បតិ៍ ផងដែរ។

ផ្ទុយទៅវិញ CONMEBOL បានដាក់ពិន័យលើ River តាមរយៈការបិទកីឡដ្ឋានចំនួន ២ប្រកួត ដែលនឹងត្រូវចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៩ ក្នុងយុទ្ធការប្រចាំទ្វីប និងពិន័យជាទឹកប្រាក់៤០០ ០០០ដុល្លារ។ លោក Alejandro Dominguez ប្រធានអង្គភាព CONMEBOL បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Asuncion រដ្ឋធានីរបស់ប៉ារ៉ាហ្គាយថា អ្នកគាំទ្ររបស់ក្រុមទាំង២ នឹងត្រូវតែទទួលយកការប្រកួតនៅកីឡដ្ឋាន Bernabeu។ លោក Dominguez បានឲ្យដឹងថា៖ «Madrid គឺជាក្រុងដែលមានអត្រាប្រជាជនអាហ្សង់ទីនច្រើនជាងគេបំផុតក្នុងពិភពលោក ក្រៅពីប្រទេសអាហ្សង់ទីន»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia