ខ្សែការពារអន្តរជាតិកាតា Abdelkarim Hassan បានជាប់ជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់អាស៊ី សម្រាប់ឆ្នាំ២០១៨ ក្រោយពីបានឈ្នះពានរង្វាន់ប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីមួយនេះ តាមរយៈការនាំមុខលើកីឡាករ២នាក់របស់ជប៉ុនគឺ Yuma Suzuki និង Kenta Misao។

ខ្សែការពារស្លាបឆ្វេងរូបនេះ បានទទួលពានកិត្តិយសរបស់ខ្លួនក្នុងកម្មវិធីមួយ ក្នុងរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ ក្រោយពីបានដើរតួនាទីដ៏សំខាន់ក្នុងក្លិប Al Sadd ដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Asian Champions League នៅរដូវកាលនេះ។ Hassan ដែលបានក្លាយជាកីឡាករទី២របស់កាតា ក្នុងការឈ្នះពានរង្វាន់នេះ ក្រោយពីកីឡាករ Khalfan Ibrahim ឆ្នាំ២០០៦នោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយ និងមានមោទនភាពណាស់ក្នុងការឈ្នះពានរង្វាន់នេះ»។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ «គ្រប់កីឡាករទាំងអស់នៅធអាស៊ី សុបិនចង់ឈ្នះពានរង្វាន់បែបនេះ ហើយនេះគឺជាភស្តុតាងដ៏អស្ចារ្យចំពោះកីឡាបាល់ទាត់កាតា។ វាជាកិត្តិយសដ៏ធំមួយក្នុងការក្លាយជាកីឡាករកាតាទី២ ក្នុងការឈ្នះពានរង្វាន់នេះ។ ពិតណាស់ ខ្ញុំត្រូវតែថ្លែងអំណរគុណដល់មិត្តរួមក្រុមរបស់ក្រុម ហើយខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់គ្នាដែលបានគាំទ្រក្នុងអាជីពរបស់ខ្ញុំ»៕

ប្រភព៖ Channel News Asia