ក្រុមបាល់បោះ Black Hawks បានជម្នះឧបសគ្គ ក្នុងការប្រកួតជាបន្តបន្ទាប់ ដើម្បីទទួលបានជោគជ័យដ៏រំភើបមួយ គឺការបន្តឈ្នះពាន ក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះបុរសដណ្តើមពានរង្វាន់ខេមអេដ ឆ្នាំ២០១៨ (CamEd Men’s Basketball Tournament 2018) ដែលបានបញ្ចប់ កាលពីព្រឹកថ្ងៃអាទិត្យ។

គេនៅចាំបានថា សម្រាប់ការប្រកួតបាល់បោះបុរសដណ្តើមពានរង្វាន់ខេមអេដ កាលពីឆ្នាំ២០១៧ ដោយប្រើរូបមន្តប្រកួតម្ចាង៦នាក់នោះ ក្រុម Black Hawks បានបង្ហាញការប្រកួតយ៉ាងល្អ មុនទៅផ្តួលក្រុម Zone ជាមួយពិន្ទុ ៥៨-៤២ ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ ដើម្បីឈ្នះតំណែងជើងឯក។

ដោយឡែក សម្រាប់ការប្រកួតនៅឆ្នាំនេះ ដោយមានការផ្លាស់ប្តូររូបមន្តប្រកួត ពីការលេង៦នាក់ មកលេងម្ខាងត្រឹម៣នាក់នោះ ក្រុម Black Hawks បានជួបការលំបាកច្រើន ក្នុងការប្រកួតជម្រុះវិលតាមពូល ដំណាក់កាលទី១ ដែលមាន១៣ក្រុមចូលរួម ដោយពួកគេឈ្នះ៣ប្រកួត និងចាញ់២ប្រកួត ក្នុងពូលA។

ប៉ុន្តែនៅក្នុងការប្រកួតដំណាក់កាលទី២ គឺវគ្គខ្វែង៨ក្រុម ដែលបានចែកការប្រកួតជា២ពូលដែរនោះ Black Hawks ធ្វើបានល្អ ដើម្បីបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានយកឈ្នះក្រុម Viper X ចំណែកក្រុម Bumble Bee បានយកឈ្នះក្រុម Generals នៅក្នុងវគ្គដ៏សំខាន់នោះដែរ ដើម្បីឡើងទៅជួប Black Hawks ដែលពួកគេធ្លាប់ឈ្នះ ជាមួយពិន្ទុ ១៤-១៣ កាលប្រកួតនៅដំណាក់កាលទី១។

នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅលើទីលាន Premium Sport Club កាលពីព្រឹកថ្ងៃអាទិត្យនោះ Bumble Bee បានបង្ហាញការលេងបានល្អ ក្នុងការមានពិន្ទុនាំមុខលើក្រុម Black Hawks ប៉ុន្តែការព្យាយាមលេងអស់ពីចិត្តរបស់ Black Hawks ក្នុងរយៈពេល២នាទីចុងក្រោយ បានធ្វើឲ្យពួកគេ រកបាន៦ពិន្ទុបន្ថែម ដើម្បីយកឈ្នះ Bumble Bee ជាមួយលទ្ធផល ១៤-៨ និងឈ្នះតំណែងជើងឯក លើកនេះ។

ចំណែកក្រុម Viper X បានយកឈ្នះក្រុម Generals ជាមួយពិន្ទុ ១៣-៩ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ ហើយកីឡាករ កុយវុន ឬទ្ធីយ៉ា របស់ក្រុម Generals បានឈ្នះពានជាកីឡាកររកបានពិន្ទុច្រើនជាងគេ(៣០ពិន្ទុ) ប្រចាំព្រឹត្តិការណ៍នេះ។

នៅក្នុងពិធីបិទការប្រកួតនោះ លោក Casey Barnett នាយកវិទ្យាស្ថានខេមអេដ ដែលជាអ្នកបង្កើតឲ្យមានការប្រកួតនេះឡើង មានការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពប្រកួត ដោយប្រើរូបមន្តលេង៣នាក់ទល់នឹង៣នាក់នេះ ហើយលោកបានសរសើរទៅលើនិស្សិតរបស់លោកថា មានសមត្ថភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែលោកបានជំរុញឲ្យនិស្សិតទាំងអស់នោះ បន្តចូលរួមលេងកីឡាឲ្យបានកាន់តែច្រើន ព្រោះកីឡាបានជួយឲ្យពួកគេចេះធ្វើការងារជាក្រុមបានល្អ ព្រមទាំងមានការតស៊ូ និងភាពអំណត់ព្យាយាម ពេលពួកគេទៅបំពេញការងារ ឬបើកអាជីវកម្មអ្វីមួយ នៅថ្ងៃអនាគត៕