CSKA Moscow បានផ្តល់ភាពស្រឡាំងកាំងដល់ក្រុមមានការផ្លាស់ប្តូរច្រើន Real Madrid តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ នាកីឡដ្ឋាន Santiago Bernabeu កាលពីថ្ងៃពុធ ប៉ុន្តែ នៅតែបញ្ចប់ដោយស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ Champions League ពូល ខណៈដែលក្រុម Viktoria Plzen ក៏បានផ្តួលក្រុម Roma ផងដែរ។

ក្រុមរបស់រុស្ស៊ីមួយនេះ ដែលក៏បានយកឈ្នះលើក្រុម Real ១-០ ក្នុងការប្រកួតជើងទី១ ផងដែរនោះ ត្រូវតែធ្វើឲ្យបានល្អប្រសើរជាងលទ្ធផលរបស់ក្រុម Plzen ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ និងឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Europa League។ ប៉ុន្តែ ក្រុម Plzen បានយកឈ្នះលើក្រុម Roma ២-១ ក្នុងប្រទេសឆែក ដើម្បីធ្វើឲ្យការដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់របស់ក្រុម CSKA ក្លាយជាលទ្ធផលឥតន័យ។

ក្រុមម្ចាស់ការពារតំណែងជើងឯក Real បានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេចក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល ខណៈដែលក្រុម Roma ក៏បានឈ្នះកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយផងដែរក្នុងនាមជាក្រុមឈរលេខ២។ លោក Santiago Solari គ្រូបង្វឹករបស់ក្រុម Real បានផ្តល់ក្តីសង្ឃឹមទៅអោយក្រុម CSKA នៅមុនចាប់ផ្តើមប្រកួតតាមរយៈការផ្លាស់ប្តូរកីឡាករដល់ទៅ ៧នាក់ក្នុងជម្រើសទាំង ១១នាក់ដំបូងដែលបានផ្តួលក្រុម Huesca ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga កាលពីចុងសប្តាហ៍មុន ដោយទុកឲ្យ Gareth Bale, Luka Modric, Raphael Varane និង Toni Kroos ស្ថិតជាកីឡាករបម្រុង។ លោក Solari បានឲ្យដឹងថា៖ «ខ្ញុំបានប្រើប្រាស់ក្រុមមួយដែលមានកីឡាករវ័យក្មេងជាច្រើន។ ការប្រកួតនេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់ឲ្យកីឡាករជាច្រើននូវពេលវេលាដែលចាំបាច់ ពីព្រោះ កីឡាករខ្លះទើបតែចាប់ផ្តើមលេង ហើយកីឡាករខ្លះទៀតទើបតែវិលពីរបួស និងផ្តល់ការសម្រាកដល់កីឡាករផ្សេងទៀត ដើម្បីរក្សាភាពខ្លាំងក្នុងរាល់យុទ្ធនាការទាំងអស់»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia