លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហព័ន្ធជាតិកីឡាបាល់ទាត់ភាគច្រើន ចង់ឲ្យមានការពង្រីកព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ក្នុងប្រទេសកាតា រហូតដល់៤៨ក្រុម។

លោក Infantino បានបញ្ជាក់ថា ការសម្រេចចិត្តមួយនឹងត្រូវធ្វើឡើងនៅត្រឹមខែមីនា បើទោះបីវានៅតែមិនទាន់ច្បាស់ថា យុទ្ធនាការមួយដែលត្រូវបានពង្រីក នឹងផ្តល់ការលំបាកក្នុងការរៀបចំក្នុងប្រទេសកាតា តែមួយ ឬយ៉ាងណា។ កាតា បានស្ថិតក្នុងជម្លោះយ៉ាងជូរចត់ ជាមួយនឹងប្រទេសជិតខាងដូចជា អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន ដែលបាននាំឲ្យមានភាពស្មុគស្មាញក្នុងការចែករំលែកការរៀបចំការប្រកួតនានាក្នុងយុទ្ធនាការមួយនេះ។ ប្រទេសទាំងនោះក៏ដូចជាអេហ្ស៊ីប បានចាប់ផ្តើមធ្វើពហិកាពាណិជ្ជកម្ម និងទំនាក់ទំនងកាទូតរបស់កាតា កាលពីខែមិថុនា ឆ្នាំ២០១៧ តាមរយៈការចោទប្រកាន់ថា ប្រទេសនេះ បានគាំទ្រភេរវកម្ម។

ប៉ុន្តែកាតា បានច្រានចោលចំពោះការចោទប្រកាន់នេះ។ កាលពីឆ្នាំមុន FIFA បានបោះឆ្នោតបង្កើនចំនួនក្រុមក្នុងយុទ្ធនាការនេះ ពី៣២ក្រុម រហូតដល់ទៅ៤៨ក្រុម ដោយចាប់ផ្តើមចាប់ពីឆ្នាំ២០២៦ ប៉ុន្តែ ចាប់តាំងពីពេលនោះមក លោក Infantino បានគិតពីភាពដែលអាចក្នុងការរៀបចំចាប់ពីឆ្នាំ២០២២តទៅ។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «យើងបានប្រមូលមតិជាច្រើនរបស់សមាជិក និងសហព័ន្ធរបស់យើង»៕

ប្រភព៖ Channel News Asia