ក្រុមបាល់បោះបុរសរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងក្រុមនារី Blue Technology សុទ្ធតែបានកត់ត្រានូវជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីលើកពានក្នុងក្រុមខ័ណ្ឌអាយុក្រោម២៣ឆ្នាំ(U23) នៅក្នុងការប្រកួតកីឡាបាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨។

បើទោះបីជាក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ធ្លាប់បានចាញ់ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅក្នុងការប្រកួតជម្រុះតាមពូលទាំង២ ដែលមាន៨ក្រុមចូលរួម ប៉ុន្តែក្រុមមួយនេះ បានបង្ហាញការប្រកួតយ៉ាងល្អ ពេលពួកគេជួបក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃសៅរ៍ និងបានយកឈ្នះជាមួយលទ្ធផល ៩៨-៥០ ដើម្បីលើកពានផ្នែកបុរស ប្រចាំឆ្នាំ២០១៨នេះ។

ចំណែកក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានត្រឹមទទួលចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុម Conquistador ជាមួយពិន្ទុ ៦០-៣៣ ក្នុងការប្រកួតដណ្តើមយកលេខ៣ និងលេខ៤នោះ។ រីឯក្រុមវិទ្យាល័យហ៊ុនសែនតាខ្មៅ(ខេត្តកណ្តាល) ក្រុមខេត្តពោធិ៍សាត់ ក្រុមខេត្តស្វាយរៀង និងក្រុមវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីដើមថ្កូវ បានត្រឹមស្ពាយបទពិសោធត្រឡប់ទៅវិញរៀងៗខ្លួន។

ដោយឡែកចំពោះការប្រកួតផ្នែកនារី ដែលមាន៥ក្រុមចូលរួមនោះ ក្រុម Blue Technology បានបង្ហាញការលេងបានយ៉ាងល្អ ក្នុងការយកឈ្នះលើគ្រប់គូប្រកួត និងមានពិន្ទុច្រើនជាងគេ ក្នុងការប្រកួតវិលជុំទាំង៤លើក ដើម្បីលើកពាន ឯលេខ២បានទៅលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខ៣ ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ប៉ុន្តែក្រុមសហគមន៍កីឡាបាល់បោះស្រុកស្វាយអន្ទរ និងក្រុម Eagles ខេត្តកណ្តាល មិនទទួលបានចំណាត់ថ្នាក់ទេ។

ទាក់ទងនឹងការប្រកួតនេះ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក ប៉ុន សុខ ដែលបានចូលរួមជាអធិបតីភាព ក្នុងពិធីបិទកាប្រកួតតំណាងឲ្យ ស៊ាន បូរ៉ាត ជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជានោះ បានថ្លែងថា៖ «គោលបំណងរបស់សហព័ន្ធ ក្នុងការរៀបចំការប្រកួតយុវជនអាយុក្រោម២៣ឆ្នាំនេះ គឺដើម្បីត្រួតពិនិត្យជ្រើសរើសអត្តពលិកវ័យក្មេង ដែលមានទេពកោសល្យ យកមកហាត់ហ្វឹកហ្វឺន ដើម្បីក្លាយជាអត្តពលិកតំណាងឲ្យជាតិ ក្នុងការដណ្តើមមេដាយនៅលើឆាកអន្តរជាតិ ជូនជាតិ»។

គួរបញ្ជាក់ថា ក្រុមទាំង១៣(ស្រី៥ក្រុម) ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំនេះ ពួកគេលេងតំណាងក្លិប និងស្ថាប័នទាំង១១ ហើយនៅក្នុងពិធីបិទការប្រកួតកាលពីល្ងាចថ្ងៃសៅរ៍នោះ តំណាងក្លិប និងស្ថាប័នទាំង១១ សុទ្ធតែទទួលបានប័ណ្ឌសរសេរពីសហព័ន្ធកីឡាបាល់បោះកម្ពុជាដូចគ្នា៕