ក្លិបបាល់ទាត់វិសាខា បានបង្ហាញមុខជាផ្លូវការនូវសមាជិកថ្មីរបស់ខ្លួនចំនួន១២នាក់ ដើម្បីដាក់ឲ្យលេងជាមួយសមាជិកចាស់ សម្រាប់ត្រៀមការប្រកួតលីកកំពូលកម្ពុជា និងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាលឆ្នាំ២០១៩ខាងមុខ ហើយក្លិបមួយនេះក៏បានផ្លាស់ប្តូរប្រធានក្លិបថ្មី សម្រាប់ដឹកនាំក្បាលម៉ាស៊ីន ផងដែរ។

ចំពោះសមាជិកថ្មីទាំង១២នាក់ ដែលក្លិបវិសាខា បានបង្ហាញជាផ្លូវការនេះ រួមមាន ខ្សែប្រយុទ្ធ ស៊ិន កក្កដា ខ្សែប្រយុទ្ធ អ៊ិន សុដាវីត ខ្សែការពារ អ៊ុក សុវណ្ណ ខ្សែការពារ គឹម ឆៃយ៉ា និងខ្សែការពារ កែន ចាន់សុភ័ក្ដ ដែលអ្នកទាំង៥ជាអតីតកីឡាករក្លិបភ្នំពេញក្រោន ព្រមទាំងខ្សែបម្រើប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន និងខ្សែការពារ ឆេង ម៉េង ដែលធ្លាប់លេងឲ្យក្លិបណាហ្គាវើល។

ចំណែកកីឡាករ៥នាក់ទៀត រួមមានមានខ្សែការពារ ផុន តៃនិញ ខ្សែបម្រើ ឡុង ម៉េងហាវ ខ្សែបម្រើ ទូច គឹមឆាយ ខ្សែប្រយុទ្ធ ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលុត ដែលពួកគេជាអតីតកីឡាករធ្លាប់ហ្វឹកហាត់រួមគ្នា នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ការបង្ហាញសមាសភាពកីឡាករចំណូលថ្មីទាំង១២នាក់ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ នេះ ត្រូវបានធ្វើឡើង ក្នុងសន្និសីទកាសែត នៅសណ្ឋាគារ ហួង សាន កាលពីរដូវថ្ងៃអាទិត្យ ម្សិលមិញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបនេះ ហើយតារាចម្រៀង និងតារាភាពយន្តល្បីៗមួយចំនួន ក៏បានចូលរួម នៅក្នុងពិធីនោះ ផងដែរ។

បន្ថែមទៅលើការប្រកាសសមាភាពសមាជិកថ្មីទាំង១២នាក់នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង បានសម្រេចតែងតែងភរិយារបស់លោក គឺលោកជំទាវ កែ សួនសុភី ឲ្យឡើងធ្វើជាប្រធានក្លិបវិសាខា ជំនួស លោកផងដែរ។

ជាមួយនឹងការប្រកាសផ្ទេរតំណែងប្រធានក្លិបថ្មីនេះ លោក ស សុខា បានថ្លែងថា ដោយសារលោកមានភារកិច្ចមមាញឹកច្រើនក្នុងការងារ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ទើបលោកពុំមានពេលវេលាគ្រប់គ្រាន់ ក្នុងការដឹកនាំក្លិប ប៉ុន្ដែ លោក ស សុខា បានសន្យានឹងឆ្លៀតពេល ប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំក្លិប និងក្រុមការងារជានិច្ច ដើម្បីលើកទឹកចិត្ត និងបន្ដជំរុញការអភិវឌ្ឍន៍ក្លិបឲ្យមានការរីកចម្រើនជានិរន្ដ៕