Gareth Bale បានស៊ុតបាល់បញ្ចូលទី៣គ្រាប់នៅចន្លោះពេល ១១នាទី កាលពីថ្ងៃពុធ ខណៈដែលក្រុម Real Madrid បានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup តាមរយៈការផ្តួលក្រុម Kashima Antlers ក្នុងលទ្ធផល ៣-១ ក្នុងទីក្រុងអាប៊ីដាប៊ី។

Bale បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី៤៤ ទី៥៣ និងទី៥៥ នាកីឡដ្ឋាន Zayed Sports City ដើម្បីជួយឲ្យក្រុម Real ស្ថិតលើផ្លូវឆ្ពោះទៅកាន់ការដណ្តើមបានជ័យជម្នះជាលើកទី៤ នៃយុទ្ធនាការនេះ និងជាលើកទី៣ ជាប់ៗគ្នា។ បច្ចុប្បន្នក្រុម Real មានកំណត់ត្រាស្មើជាមួយនឹងគូប្រជែងស្ថិតក្នុងក្របខ័ណ្ឌ La Liga របស់ពួកគេគឺ Barcelona ក្រោយពីក្រុមទាំង២ បានឈ្នះពាននេះ ៣លើកដូចគ្នាកាលពីមុន ប៉ុន្តែ វានឹងក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ប្រសិនបើក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ មិនបានលើកពាននេះម្តងទៀតនៅថ្ងៃសៅរ៍ នៅពេលពួកគេជួបជាមួយនឹងក្រុមម្ចាស់ផ្ទះ Al Ain ក្នុងវគ្គផ្តាច់ព្រ័ត្រ ទេនោះ។

Bale បានអវត្តមានក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Rayo Vallecano ១-០ កាលពីចុងសប្តាហ៍មុន ដោយសារតែបញ្ហារបួសកជើង ប៉ុន្តែ រូបគេបានស្ថិតក្នុងទម្រង់លេងយ៉ាងល្អ បើទោះបីប្រកួតជាមួយនឹងគូប្រជែងមិនសូវខ្លាំងក៏ដោយ។ ខ្សែប្រយុទ្ធអន្តរជាតិវេលស៍រូបនេះ ចូលរួមជាមួយនឹង Lionel Messi និង Cristiano Ronaldo ក្នុងនាមជាកីឡាករដែលស៊ុតបាល់បញ្ចូលទី ៣គ្រាប់ក្នុង Club World Cup ៣លើកផ្សេងគ្នា។ លោក Santiago Solari គ្រូបង្វឹករបស់ក្រុម Real បានឲ្យដឹងថា៖ «Bale ដណ្តើមយករាល់អ្វីៗទាំងអស់ ការចាប់អារម្មណ៍ផ្សេងៗ ក៏ដូចជាកីឡាករឆ្នើមប្រចាំការប្រកួត»៕

ប្រភព៖ Channel News Asia