Cristiano Ronaldo បានចូលលេងក្នុងមាមជាកីឡាករបម្រុង ដើម្បីរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុមនៅសល់សមាជិក ១០នាក់ Juventus ដណ្តើមបានលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Atalanta កាលពីថ្ងៃពុធ ដើម្បីនាំមុខ ៩ពិន្ទុដាច់កើក្រុម Napoli លើកំពូលតារាងនៃក្របខ័ណ្ឌ Serie A។

ក្រុម Napoli របស់លោក Carlo Ancelotti បានដេញតាមពីក្រោយក្រុមម្ចាស់ជើងឯកមួយនេះ កាន់តែឆ្ងាយបន្ថែមទៀត ក្រោយពីកីឡាករបម្រុង Lautaro Martinez របស់ក្រុម Inter Milan បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ក្នុងពេលក្រុមខ្លួនឈ្នះទាំងលំបាកក្នុងលទ្ធផល ១-០ នៅលើទឹកដី San Siro។ លោក Massimiliano Allegri គ្រូបង្វឹករបស់ Juventus បានសម្រេចចិត្តដាក់ឲ្យ Ronaldo ស្ថិតជាកីឡាករបម្រុង ខណៈដែលអតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះ មិនបានស្ថិតក្នុងជម្រើសដំបូងក្នុងការប្រកួតលីកជាលើកទី១ ចាប់តាំងពីផ្ទេរទៅកាន់ប្រទេសអ៊ីតាលី ប៉ុន្តែ តារាឆ្នើមវ័យ៣៣ឆ្នាំរូបនេះ ត្រូវបានដាក់ឲ្យចូលលេង ដើម្បីរកគ្រាប់បាល់តាមស្មើនៅនាទី ទី៧៨ ក្រោយពីការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់កីឡាករ Duvan Zapata បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខមុន ក្រោយពីការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Berat Djimsiti។

គ្រាប់បាល់របស់ Ronaldo បានជួយឲ្យក្រុម Juventus រក្សាការមិនស្គាល់ចាញ់ ក្នុងក្របខ័ណ្ឌ Serie A នៅមុនពេលការប្រកួតចុងក្រោយ មុនពេលសម្រាកនារដូវរងា ជាមួយនឹងក្រុម Sampdoria នៅថ្ងៃសៅរ៍ ខាងមុខនេះ។ លោក Allegri បានឲ្យដឹងថា៖ «វាជារឿងដ៏គួរឲ្យខ្មាស់អៀនមួយ ពីព្រោះយើងនៅតែចង់ឈ្នះ ប៉ុន្តែក្រុមនេះ ធ្វើបានយ៉ាងល្អ»៕

ប្រភព៖ Channel News Asia