លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបថា ការប្រកួតកីឡាកងយោធខេមរភូមិន្ទ(កីឡាកងទ័ព) និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨ ដែលនឹងត្រូវធ្វើនៅកោះពេជ្រ ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែមករា ចុងសប្តាហ៍នេះ គឺមានទំហំធំជាឆ្នាំមុនៗ។

លោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកម្ពុជា ជាច្រើនរូបទៀត បានធ្វើពិធីក្រុងពាលីការប្រកួតកីឡាកងយោធខេមរភូមិន្ទ និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨នេះ កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញ ខណៈឧបករណ៍ និងទីលាន ដែលត្រូវប្រកួតកីឡាកងទ័ព ត្រូវបានធ្វើរួចរាល់អស់ហើយ ហើយក៏មានការដាក់ពង្រាយកងកម្លាំង សម្រាប់ការពារ និងមើលការខុសត្រូវ នៅបរវេណទាំងនោះផងដែរ។

យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត បានលុបចោលកម្មវិធីសន្និសីទកាសែត ជាមួយអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញ នោះ ដោយលើកយកទៅធ្វើនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា វិញ វេលាម៉ោង ៣រសៀល។

ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាប្រធានអង្គភាពប្រឆាំងភេរវកម្មនៃក្រសួងការពារជាតិ បានធ្វើការងារអះអាងយ៉ាងខ្លីថា៖ «ខ្ញុំធានាថា ការប្រកួតកីឡាកងយោធខេមរភូមិន្ទ និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨ នឹងមានលក្ខណៈធំ និងអស្ចារ្យជាងឆ្នាំមុន សូមកុំបារម្ភ!»។

ទាក់ទងនឹងព្រឹត្តិការណ៍នេះ លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន អនុប្រធានប្រតិបត្តិការ នៃការប្រកួតកីឡាកងយោធខេមរភូមិន្ទ និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨ ធ្លាប់បានប្រាប់ថា កីឡាកងទ័ព មិនមែនមានត្រឹមការប្រកួតកីឡាបែបយោធា ប៉ុណ្ណោះទេ ប៉ុន្តែវាមានទាំងការបង្កើតជាព្រៃសិប្បនិម្មិត សម្រាប់តាំងបង្ហាញសម្ភារយោធា មានរថគ្រោះ រថពាសដែក និងសព្វាវុធជាច្រើនទៀត ព្រមទាំងមានការប្រគំតន្រ្តីខ្នាតធំ ដែលមានតារាចម្រៀងល្បីៗ ចូលរួមជាច្រើននាក់៕

Via :cambosport