ខ្សែការពារ Gerard Pique បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​១គ្រាប់​​នៅ​ជិត​បញ្ចប់​ការប្រកួត​ ដើម្បី​ដណ្តើម​បាន​លទ្ធ​ផល​ស្មើ ១-១ សម្រាប់​ក្រុមកំពុង​តែ​នាំមុខលើ​​តារាងក្រប​ខ័ណ្ឌ La Liga គឺ Barcelona នៅលើ​ទឹក​ដីក្រុម​ស្ថិតក្នុង​ទីក្រុង​តែ​មួយ Espanyol កាលពីថ្ងៃអាទិត្យ ខណៈ​ដែល​ពួក​គេ​បាន​រក្សា​​ការមិនស្គាល់​ចាញ់​សោះ​ក្នុ​ងយុទ្ធនាការមក​ទល់​ពេល​នេះ​។

ក្រុមរ​បស់​លោក Ernesto Valverde ហាក់​ស្ថិតក្នុងគ្រោះថ្នាក់​នៃ​ការ​​រង​បរា​ជ័យក្នុងការប្រកួតក្រប​ខ័ណ្ឌ​លីក​ជា​លើកទី​១​របស់​ពួក​​គេនៅ​រដូវកាលនេះ​ទៅហើយ នៅពេល​ដែលកីឡាករ Gerard Moreno បាន​ជួយ​ឲ្យក្រុម​ម្ចាស់ផ្ទះ​មាន​គ្រាប់​បាល់​នាំមុខ​នៅ​តង់​ទី​២ ប៉ុន្តែ ខ្សែការពារ​កណ្តាល Pique បាន​ទទួល​បាល់​ពីការ​បញ្ជូន​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ដើម្បី​តែត​​បាល់​​បញ្ចូល​ទី​តាមស្មើនៅ​នាទី ទី​៨២​តែម្តង​។

បច្ចុប្បន្នក្រុម Barcelona កំពុង​តែ​នាំមុខ​៩​ពិន្ទុនៅលើ​កំពូល​​តារាង លើក្រុម​ឈរ​លេខ​២ Atletico Madrid ដែល​បាន​​យកឈ្នះលើ​ក្រុម Valencia ក្នុង​លទ្ធ​ផល ១-០ ក្នុងការប្រកួត​កាលពីថ្ងៃ​អាទិត្យ​ដូច​គ្នានោះ​។

ការ​ប្រកួតនេះ ត្រូវ​បាន​លេងក្រោម​ដំណក់​ទឹក​ភ្លៀង ហើយ​លោក Valverde បាន​ធ្វើការ​រិះ​គន់​ទៅលើ​ទីលានប្រកួត​ប្រកបដោយ​គ្រោះថ្នាក់​។ គ្រូបង្វឹក​របស់ក្រុម Barcelona រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «ទោះ​បី​វា​​មានភ្លៀង​ធ្លាក់ខ្លាំង​ក៏ដោយ ប៉ុន្តែ​យើង​បាន​គិត​ថា ទីលាននេះ នឹង​រក្សា​ស្ថានភាព​បានល្អ ប៉ុន្តែ​បន្ទាប់​​មក​យើង​បាន​ឃើញថា ស្មៅ​លើ​ទីលាន​មិន​បាន​ស៊ូ​ទ្រ​នឹង​ទឹក​ភ្លៀង​បានឡើយ ហើយ​ទីលាន​នេះ បាន​ផ្តល់នូវ​គ្រោះ​​ថ្នាក់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia
Via :cambosport