ក្រុម Manchester United របស់លោក Ole Gunnar Solskjaer បានកត់ត្រាជ័យជម្នះ ៤លើកក្នុងចំណោមការប្រកួត៤លើកក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ តាមរយៈការផ្តួលក្រុម Newcastle ដើម្បីកាត់បន្ថយគម្លាតតាមពីក្រោយក្រុម Chelsea ដែលបានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ លើទឹកដីខ្លួនឯងពេលជួបក្រុម Southampton។

Man United ត្រូវបានធ្វើឲ្យមានការផ្លាស់ប្តូរ ចាប់តាំងពីអតីតខ្សែប្រយុទ្ធរបស់ពួកគេបានចូលជំនួសកន្លែងរបស់លោក Jose Mourinho ខណៈដែលក្រុមនេះបានស៊ុតបាល់បញ្ចូលទី ១២គ្រាប់ក្នុងការប្រកួត៣លើកដំបូងរបស់លោក ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ប៉ុន្តែ ត្រូវបានបង្ខំឲ្យធ្វើការខិតខំព្យាយាមយ៉ាងខ្លាំង មុននឹងដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ នៅពេលប្រកួតជាមួយនឹងក្រុម Newcastle នាកីឡដ្ឋាន St James’s Park។ ជ័យជម្នះនេះ ជួយឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាង ដោយមាន ៣៨ពិន្ទុ ដោយដេញតាមពីក្រោយក្រុម Arsenal ត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ និង ៦ពិន្ទុពីក្រោយក្រុម Chelsea។

ខ្សែប្រយុទ្ធបម្រុង Romelu Lukaku បានរកគ្រាប់បាល់បើកឆាក ត្រឹមតែ ៣៨វិនាទី ក្រោយពីបានចូលលេងនៅពាក់កណ្តាលតង់ទី២ ដោយបានស៊ុតបាល់បំប៉ោងសំណាញ់ទី ក្រោយពីអ្នកចាំទី Martin Dubravka របស់ក្រុម Newcastle បានធ្វើឲ្យបាល់ក្រឡកចេញពីដៃ បន្ទាប់ពីការស៊ុតបាល់ Free-kick យ៉ាងខ្លាំងពីខ្សែប្រយុទ្ធ Marcus Rashford ហើយ Rashford បានស៊ុតបាល់បញ្ចូលទីដោយខ្លួនឯងនៅនាទី ទី៨០។ លោក Solskjaer បានប្រាប់បណ្តាញសារព័ត៌មាន Sky Sports ថា៖ «ទីបំផុត យើងបានរក្សាមិនឲ្យមានគ្រាប់បាល់ចូលទី។ នេះគឺជាការបង្ហាញពីទម្រង់លេងបែបអាជីព។ យើងមិនស្ថិតក្នុងទម្រង់លេងដ៏ខ្ពស់ដែលយើងអាចធ្វើបានឡើយ ប៉ុន្តែ យើងស្ថិតក្នុងការគ្រប់គ្រង រក្សាការដាក់សម្ពាធ និងរកបានគ្រាប់បាល់»៕

ប្រភព៖ Channel News Asia