ខ្សែបម្រើប្រយុទ្ធ-ស្លាប Christian Pulisic បានព្រមព្រៀងផ្ទេរចេញពីក្រុម Dortmund ក្នុងតម្លៃខ្លួន ៥៨លានផោនដើម្បីទៅចូលរួមជាមួយក្រុមតោខៀវ Chelsea។ កីឡាករជម្រើសជាតិអាមេរិកវ័យ ២០ឆ្នាំរូបនេះនៅមិនទាន់ធ្វើការផ្ទេរជាផ្លូវការណ៏ទៅកាន់កីឡាដ្ឋាន Stamford Bridge នៅឡើយទេ ខណៈដែលរូបគេនឹងត្រូវចំណាយពេលនៅសល់នៃរដូវកាលបន្តលេងជាមួយក្រុម Bundesliga មុនពេលផ្លាស់មកលេងអោយក្រុមតោខៀវនៅរដូវក្តៅខាងមុខនេះ។

Pulisic បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា: វាជារឿងមួយដែលខ្ញុំមានការព្រួយបារម្ភថានិងត្រូវត្រៀមខ្លួនបែបណាដើម្បីចូលរួមជាមួយក្លឹបដែលល្បីល្បាញលើពិភពលោក។ ខ្ញុំមានអារម្មណ៍ដូចជាកាលពីថ្ងៃម្សិលមិញដែលបានមកដល់ Dortmund ពេលវេលាពិតជាលឿនពេកហើយក្រោយរយៈពេល៤ឆ្នាំដែលខ្ញុំផ្ទេរចេញពីក្លឹបនៅទីក្រុងដ៏តូចមួយនៅសហរដ្ឋអាមេរិកឈ្មោះ Hershey។
Pulisic បន្តថាៈ ខ្ញុំមិនបានដឹងពីអ្វីដែលនឹងកើតឡើងនោះទេប៉ុន្តែខ្ញុំគ្រាន់តែដឹង និង មានជំនឿថាក្រុម Chelsea និងផ្តល់ឱកាសដល់កីឡាករវ័យក្មេងដូចជារូបខ្ញុំ។គឺជាកិត្តិយសនិងក្តីសុបិន្តមួយដែលខ្ញុំនិងប្រឹងប្រែងលេងអោយអស់ពីកំលាំងកាយចិត្ត និងជាកិត្តិយសមួយដែលខ្ញុំទន្ទឹងរង់ចាំនិងខិតខំអ្នករួមចំណែកជួយក្រុមជាមួយកីឡាករលំដាប់ថ្នាក់ពិភពលោកក្រោមការដឹកនាំរបស់លោក Maurizio Sarri និងក្រុមការងារបច្ចេកទេសរបស់គាត់ដើម្បីប្រកួតប្រជែងក្របខ័ណ្ឌ Premier League។

ក្រុមនាំមុខតារាង Premier League ហង្សក្រហម Liverpool បានសម្តែងចំណាប់អារម្មណ៏ចង់បាន Pulisic មករួមក្រុមផងដែរខណៈដែលរូបគេគឺជាអតីតកីឡាករ ក្រោមការដឹកនាំរបស់លោក Jurgen Klopp នៅក្រុម Dormund ប៉ុន្តែទីបំផុតរូបគេបានសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយ Chelsea ទៅវិញ ។
ប្រភព៖ Mirror
