ថៃ បានបណ្តេញលោកគ្រូបង្វឹក Milovan Rajevac ចេញពីតំណែង ក្រោយពីការរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-១ ក្រោមស្នាដៃក្រុមជម្រើសជាតិឥណ្ឌា ក្នុងការប្រកួតបើកឆាករបស់ពួកគេក្នុងយុទ្ធនាការ Asian Cup កាលពីថ្ងៃអាទិត្យ។

គ្រូបង្វឹកសញ្ជាតិស៊ែប៊ីវ័យ ៦៥ឆ្នាំរូបនេះ ដែលបានចូលកាន់តំណែងក្នុងក្រុមជម្រើសជាតិថៃ ក្នុងឆ្នាំ២០១៧ បានបាត់បង់ការងារ ក្រោយពីក្រុមជម្រើសជាតិថៃ បានរបូតគ្រាប់បាល់៣គ្រាប់ក្នុងតង់ទី២ ដើម្បីចាញ់ដ៏មិននឹកស្មានដល់ក្នុងទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃអាទិត្យ។ ប្រធានកីឡាបាល់ទាត់ថៃ បានធ្វើការត្រួតពិនិត្យទៅលើការចាញ់ក្នុងការប្រកួតពូល A របស់ពួកគេ និងបានសម្រេចចិត្តបណ្តេញលោក Rajevac ចេញនៅព្រឹកបន្ទាប់។ លោក Somyot Poompanmoung ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ បានឲ្យដឹងថា៖ «លទ្ធផលនេះមិនមែនជាអ្វីដែលត្រូវបានរំពឹងទុកពីក្រុមជម្រើសជាតិថៃឡើយ និងមិនមែនជាលទ្ធផលដែលអ្នកគាំទ្ររបស់យើងស័ក្តិសមក្នុងការទទួលបានឡើយ»។ លោកបានបន្ថែមទៀតថា៖ «មិនខុសអ្វីពីអ្នកគាំទ្របាល់ទាត់ថៃទាំងអស់ក្នុងប្រទេសនេះឡើយ ខ្ញុំក៏ខកចិត្តដែរចាមួយនឹងលទ្ធផលនេះ។ ប៉ុន្តែ ក្នុងនាមជាប្រធាននៃសហព័ន្ធកីឡាបាល់ទាត់ ខ្ញុំមិនអាចទ្រាំជាមួយនឹងបញ្ហានេះបានឡើយ»។

លោក Sirisak Yodyardthai អតីតគ្រូបង្វឹកជំនួយ នឹងវិលទៅគ្រប់គ្រងក្រុមនេះវិញ នៅពេលដែលពួកគេប៉ះជាមួយនឹងក្រុមជម្រើសជាតិបារ៉ែន និងក្រុមម្ចាស់ផ្ទះអ៊េមីរ៉ាតអារ៉ាប់រួម។ លោក Rajevac ដែលធ្លាប់បានដឹកនាំក្រុមជម្រើសជាតិអាល់ហ្សេរី និងកាតា នោះ ធ្លាប់បានដឹកនាំឲ្យក្រុមជម្រើសជាតិហ្គាណា ទៅវគ្គ៨ក្រុមចុងក្រោយនៃ World Cup ឆ្នាំ២០១០ មុននឹងចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ុយរូហ្គាយ៕

ប្រភព៖ Channel News Asia