អ្នកចាំទី Alisson Becker បានប្រាប់គេហទំព័រ FourFourTwo ថាគាត់សម្រេចចិត្តចុះហត្ថលេខាផ្ទេរមកចូលរួមជាមួយក្រុមហង្សក្រហម Liverpool កាលពីរដូវក្តៅកន្លងមកនេះ ព្រោះមានគោលបំណងចង់ក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ក្រុមដែលល្បីល្បាញនៅទ្វីបអឺរ៉ុប និងបង្ហាញពីកិត្យានុភាព និងមោទនភាពរបស់ក្រុមនាពេលកន្លងមក។ ខ្ញុំបានជ្រើសរើស Liverpool សម្រាប់ហេតុផលដូចគ្នាដូចដែលខ្ញុំបានផ្លាស់ទៅ Roma ពោលគឺនៅពេលខ្ញុំចាកចេញពីប្រទេសប្រេស៊ីលជាលើកដំបូង។

អ្នកចាំទីដៃស្អិតAlisson បន្តថាៈ Chelsea បានផ្លាស់ប្តូរគ្រូបង្វឹករបស់ពួកគេជាញឺកញាប់ហើយមិនលេងនៅក្នុងក្របខ័ណ្ឌ Champions League។ តែខ្ញុំតែងតែសរសើរប្រវត្តិសាស្រ្តរបស់ Liverpool។ ដែលធ្លាប់ឈ្នះពានរង្វាន់ Champion League ចំនួន ៥ដង។ ខ្ញុំគិតថាក្រុមដែលខ្ញុំជ្រើសរើសនឹងក្លាយជាការផ្លាស់ប្តូរដ៏ល្អបំផុតសម្រាប់អាជីពរបស់ខ្ញុំ។ អ្វីទៅជាជីវិតបាល់ទាត់ប្រសិនយើងមិនប្រកួតប្រជែងថ្មីដើម្បីផ្តល់ក្តីសុបិន្តដល់ខ្លួនឯង? ការពិតខ្ញុំស្រមៃចង់ឈ្នះជើងឯក Champions League ជាមួយក្រុម។

រំលឹកអតីតកាលមុនមកដល់អង់គ្លេសកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរីករាយក្នុងការប្រកបអាជីពជាមួយក្រុម Roma នៅឆ្នាំ ២០១៧-២០១៨ ដោយរក្សាមិនអោយមានការស៊ុតបាល់បញ្ចូលទីបាន២២ប្រកួត (២២Cleansheets)ខណៈ ដែល ក្រុមខ្លាធំRoma បញ្ចប់ រដូវកាលក្នុងចំណាត់ថ្នាក់លេខរៀងទី ៣ ក្នុងក្របខ័ណ្ឌ Serie A និងបានឈានដល់វគ្គ ពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ European Cup ជាលើកទី ១ ចាប់តាំងពីឆ្នាំ ១៩៨៤ មុនពេលចាញ់ ការប្រកួត សរុប ទាំងពីរជើង( ៧-៦) លើក្រុមដែលរូបគេកំពុងលេង Liverpool ។

ក្រោយរងបរាជ័យវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Real Madrid ខណៈអ្នកចាំទី Loris Karius បានសាងកំហុសដោយអចេតនា បានធ្វើឱ្យក្រុមហង្សក្រហមទទួលរងការឈឺចាប់និងទីបំផុតក្រុមបានសំលឹងឃើញបេក្ខភាព Alisson ជាអ្នកចាំទីដែលមានតម្លៃថ្លៃជាងគេបំផុតដែលមានតម្លៃរហូតដល់ ៦៧ លានផោនមុនពេល Chelseaនាំយកអ្នកចាំទី Kepa Arrizabalaga របស់ក្លិប Athletic Bilbao មករួមក្រុមក្នុងតម្លៃកំនត់ត្រា ៧១,៦ លានផោនដើម្បីជំនួស Thibaut Courtois ដែលចាកចេញទៅReal Madrid ។

ប្រភព៖​ FourFourTwo