សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) នឹងរៀបចំព្រឹត្តិការណ៍២ នៅផ្សារទំនើបអ៊ីអនសែនសុខ នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ គឺទី១ ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកទូទាំងប្រទេស សម្រាប់វិញ្ញាសា AK2 និងទី២ ការប្រកួតពានអន្តរជាតិ Mission Against Terror International Championship (MATIC) ដែលមាន៤ប្រទេសចូលរួម។

សម្រាប់ការប្រកួតជើងឯកទូទាំងប្រទេស នឹងត្រូវធ្វើនៅថ្ងៃសៅរ៍ ហើយនេះជាការប្រកួតដំណាក់កាលចុងក្រោយ រវាងក្រុមខ្លាំងទាំង១២ ដែលបានឆ្លងផុតវគ្គជម្រុះក្នុងរយៈពេល៣ខែកន្លងមកនេះ ក្នុងនោះមានក្រុម Aggressive Fight, King Attack, Team Klac Ey, Five Shooter, Michael, OtJesKlach, Never Care, Enemy ShhooterZ, You Will Know, Five Military, Revenge of Emperor និងក្រុម Successful។

ចំណែកក្រុមទទួលបានចំណាត់ថ្នាក់លេខ១ និងទទួលបានប្រាក់រង្វាន់ចំនួន២០០០ដុល្លារ ជាពិសេសក្រុមលេខ១នោះ នឹងក្លាយជាក្រុមតំណាងឲ្យកម្ពុជា ដើម្បីចូលរួមការប្រកួតពានរង្វាន់អន្តរជាតិ Mission Against Terror International Championship ដែលត្រូវប្រកួតនៅថ្ងៃអាទិត្យ។ រីឯក្រុមជើងឯករង នឹងទទួលបាន១០០០ដុល្លារ ប៉ុន្តែមិនបានចូលលេងពាន MATIC នោះទេ ដោយសារគេកំណត់១ប្រទេសយកតែ១ក្រុមចូលរួម។

បើតាមគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ប្រទេសចំនួន៤ ដែលត្រូវចូលរួមការប្រកួតពាន MATIC 2019 នេះមានម្ចាស់ផ្ទះកម្ពុជា ក្រុម SAFETYFIRST របស់ថៃ ក្រុម Suicide មកពីម៉ាឡេស៊ី និងក្រុម Ali Huaye មកពីចិន។

ក្រុមតំណាងឲ្យប្រទេសទាំង៤នេះ នឹងត្រូវធ្វើការប្រកួតវិលជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន២ក្រុម ត្រូវឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមម្ចាស់ជើងឯកពានរង្វាន់ MATIC នេះ នឹងទទួលបានពាន និងប្រាក់រង្វាន់៦ពាន់ដុល្លារ ឯក្រុមជើងឯករង ទទួលបានមេដាយ និងប្រាក់រង្វាន់៣ពាន់ដុល្លារអាមេរិក។

គួររំឭកថា សម្រាប់ការប្រកួតពាន MATIC កាលពីឆ្នាំ២០១៨ ក្រុម Syne Gaming របស់ម៉ាឡេស៊ី បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Never Care របស់កម្ពុជា នៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកកម្ពុជា ធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួតពាន MATIC នេះម្តងហើយ កាលពីឆ្នាំ២០១៤ គឺមុនពេលសហព័ន្ធកីឡាអូឡាំត្រូនិកកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ៕

ប្រភព៖ Cambosport