មហិច្ឆតាក្នុងការប្រជែងពានក្របខ័ណ្ឌ Premier League របស់ក្រុម Tottenham Hotspur បានជួបការខកចិត្តដ៏ធំមួយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Marcus Rashford បានជួយឲ្យក្រុម Manchester United ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer។

Rashford បានស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់អ្នកចាំទី Hugo Lloris ពីជ្រុងម្ខាងនៃទីនៅនាទីទី៤៤ ខណៈដែលក្រុមឡើងទម្រង់លេង Man United ដណ្តើមបានជ័យជម្នះជាលើកទី៦ ពីការប្រកួតទាំង ៦លើក បើគិតចាប់តាំងពីលោក Solskjaer បានចូលកាន់តំណែង បន្ទាប់ពីការចាកចេញរបស់លោក Jose Mourinho។ Tottenham មានឱកាសស៊ុតបាល់សំដៅទីចំនួន ១១លើក ក្នុងតង់ទី២ ប៉ុន្តែ មិនអាចរកឃើញកន្លែងពិសេសក្នុងការបំបែកអ្នកចាំទី David De Gea របស់ក្រុម Man United បានឡើយ ខណៈដែលអ្នកចាំទីអេស្ប៉ាញរូបនេះ បានសង្គ្រោះបាល់យ៉ាងល្អពីការស៊ុតបាល់របស់កីឡាករ Dele Alli, Harry Kane និង Toby Alderweireld។

ការបំពេញតួនាទីយ៉ាងល្អរបស់គេ បានជួយឲ្យក្រុម Man United ដណ្តើមបានជ័យជម្នះក្នុងការប្រកួតក្រៅដីនៃក្របខ័ណ្ឌលីកជាលើកទី១ពេលជួបក្រុម Tottenham បើគិតចាប់តាំងពីឆ្នាំ២០១២។ ក្រុមរបស់លោក Solskjaer នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ប៉ុន្តែ បច្ចុប្បន្ន មាន ៤១ពិន្ទុស្មើជាមួយនឹងក្រុម Arsenal ស្របពេលដែលក្រុម Tottenham មាន ៤៨ពិន្ទុក្នុងចំណាត់ថ្នាក់លេខ៣ ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ៩ពិន្ទុ និង២ពិន្ទុតាមពីក្រោយ Manchester City ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Wolverhampton Wanderers នៅរាត្រីនេះ។ លោក Solskjaer សញ្ជាតិន័រវែស បានឲ្យដឹងថា៖ «លទ្ធផលដ៏ល្អ ការឈ្នះក្រៅដី និងការផ្តួលក្រុម Tottenham គឺជារឿងដ៏អស្ចារ្យ»៕

អត្ថបទ៖​ Cambosport
ប្រភព៖ Channel News Asia