យោងអតីតប្រធានក្លឹបអធិរាជស Real Madrid លោក Ramon Calderon បានអោយដឹងថាជើងៈ ក្រុមជើងឯកទ្វីបអ៊ឺរ៉ុប Champion League ៣សម័យជាប់គ្នាចុងក្រោយ មួយនេះបានរងបរាជ័យក្នុងការស្តារ និងធ្វើអោយប្រសើរឡើងវិញនៅភាពល្បីរន្ទឺរបស់ខ្លួននៅរដូវកាលថ្មី(២០១៨-២០១៩)។ នៅពីក្រោយការចាកចេញរបស់គ្រូបង្វឹកដ៏ជោគជ័យរបស់ពួកគេគឺ Zinedine Zidane និងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នោះគឺប្រធានក្លឹបបច្ចុប្បន្នគឺលោក Florentino Perez ជាអ្នកទទួលខុសត្រូវធំបំផុតដែលគាត់មិនមានសមត្ថភាពអាចដោះស្រាយអ្វីដែលជាការចង់បានរបស់បុគ្គលដ៏សំខាន់គឺអតីតគ្រូបង្វឹក Zidane និងរក្សាទុក Ronaldo ដែលជាវីរបុរសរបស់ក្រុមបានដូចគ្នាផងដែរ។

លោក Zinidine Zidane បានចាកចេញពីទីក្រុងម៉ាឌ្រីតនៅឆ្នាំមុនប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីបានជួយក្រុមឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ជាបន្តបន្ទាប់លើកទីបី។ ភ្លាមៗនោះកូនក្រុមរបស់គាត់ក៏បាន ដើរតាមគន្លងរបស់គ្រូបង្វឹកផងដែរគឺ Cristiano Ronaldo ត្រូវដើរចេញពីកីឡាដ្ឋាន Santiago Bernabeu ក្រោយចំណាយពេល ៩ឆ្នាំ ដើម្បីបន្តទៅលេងអោយក្រុម Juventus នៅក្របខណ្ឌ SerieA។

លោក Calderon បានអះអាងយ៉ាងច្បាស់ប្រាប់ AS ថាៈ គោលបំណងរបស់អតីតគ្រូបង្វឹកសញ្ជាតិបារាំងលោក Zinidine Zidane ចង់រក្សាទុក Ronaldo និងចង់លក់ Gareth Bale ចេញដើម្បីយកប្រាក់ទិញកីឡាករផ្សេងបន្ថែមទៀតមកពង្រឹងក្រុម ប៉ុន្តែលោក Perez បានធ្វើផ្ទុយពីអ្វីដែល Zidane បានស្នើសុំ ដូច្នេះមានន័យថាសិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅពេលគាត់ចង់ចុះហត្ថលេខាលើកីឡាករដែលចង់បាន និងលក់កីឡាករចេញដែលមិនជាតម្រូវការ និងមិនត្រូវបានឆ្លើយតប ដូច្នេះ Zidine បានសម្រេចចិត្តចាកចេញ។

ការចាកចេញរបស់ Zidane និង Ronaldo បានធ្វើឱក្រុមធ្លាក់ក្នុងរដូវកាលថ្មីដ៏អាប់អួរ និងចលាចលមួយសម្រាប់ក្រុមដែលមានមូលដ្ឋាននៅរាជធានីប្រទេសអេស្បាញមួយនេះ ជាមួយនិងការបណ្តេញចេញគ្រូបង្វឹកលោក Julen Lopetegui ក្រោយចូលកាន់តំណែងបាន ៤ខែ ខណៈពេលបច្ចុប្បន្នក្រុមស្ថិតនៅលំដាប់ទី៥ ក្នុងក្របខ័ណ្ឌ La Liga ក្រោមការដឹកនាំរបស់លោក Santiago Solari ស្របពេលដែលទម្រង់លេងរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ មិនទាន់បង្ហាញពីភាពខ្លាំង និងរឹងមាំបាននៅឡើយនោះទេ។

អត្ថបទ៖ Cambosport
ប្រភព៖ goal