ខ្សែប្រយុទ្ធ Gabriel Jesus បានបន្តការចាប់ផ្តើមយ៉ាងល្អរបស់គេក្នុងឆ្នាំថ្មី តាមរយៈការស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុម Manchester City បានយកឈ្នះលើក្រុមសល់សមាជិកត្រឹមតែ ១០នាក់ Wolves យ៉ាងងាយក្នុងលទ្ធផល ៣-០ ដើម្បីកាត់បន្ថយការនាំមុខរបស់ក្រុម Liverpool លើតារាងក្របខ័ណ្ឌ Premier League មកនៅត្រឹម ៤ពិន្ទុ។

តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងតង់ទី១ ពោលគឺចន្លោះនៃការពិន័យកាតក្រហម១ដល់ខ្សែការពារ Willy Boly របស់ក្រុម Wolves ខណៈដែលក្រុមរបស់លោក Pep Guadiola បានបង្ហាញថា ការធ្លាក់ចុះទម្រង់លេងនៅខែធ្នូ បានបញ្ចប់ហើយ។ រយៈពេល ២សប្តាហ៍ក្នុងឆ្នាំ២០១៩ ក្រុម Man City បានស៊ុតបាល់បញ្ចូលទី ២១គ្រាប់រួចជាស្រេច ក្នុងការប្រកួត ៤លើក នៅឆ្នាំនេះ។ ពួកគេបានស៊ុតបាល់បញ្ចូលទីសរុប ៩៩គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់នៅរដូវកាលនេះ។

អ្នកចាត់ការទូទៅរបស់ក្រុម Man City រូបនេះ អាចជួបលទ្ធផលដ៏រីករាយតាមរយៈការដាក់ឲ្យខ្សែបម្រើ Kevin De Bruyne និងខ្សែប្រយុទ្ធ Sergio Aguero ស្ថិតជាកីឡាករបម្រុង បើទោះបីកីឡាករទាំង២ ទើបតែបានជាសះស្បើយពីរបួសកាលពីពេលថ្មីៗនេះក៏ដោយ។ Jesus បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌលីក ១៦លើក មុននឹងឈានចូលឆ្នាំថ្មី ប៉ុន្តែ ការរកបាន២គ្រាប់ក្នុងពេលប្រកួតជាមួយនឹងក្រុមរបស់លោក Nuno Espirito Santo មិនត្រឹមតែបង្កើនចំនួនគ្រាប់បាល់សរុបរបស់គេប៉ុណ្ណោះ ប៉ុន្តែ ក៏បន្តទម្រង់លេងយ៉ាងល្អរបស់គេកាលពីពេលថ្មីៗនេះផងដែរ។ ក្រោយពីរកបាន ១គ្រាប់ ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Rotherham ក្នុង FA Cup និង​ ៤គ្រាប់ក្នុងពេល Man City ផ្តួល Burton ៩-០ ក្នុង League Cup កាលពីសប្តាហ៍មុន បច្ចុប្បន្ន Jesus រកបាន ៧គ្រាប់ក្នុងការប្រកួត ៣លើកចុងក្រោយរបស់ពួកគេ៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia