នៅទីបំផុតការចរចារទៅលេងក្លិបថ្មី PKNS FC នៃលីកកំពូលម៉ាឡេស៊ី ពីសំណាក់ខ្សែប្រយុទ្ធ ដ៏ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានឈានដល់ការសម្រេចជាផ្លូវការហើយ បន្ទាប់ពីក្លិបបាល់ទាត់បឹងកេត បានប្រកាសពីដំណឹងនេះ នៅលើផេចហ្វេសប៊ុករបស់ខ្លួន កាលពីជាង១ម៉ោងមុននេះ។

ជាមួយដំណឹងដ៏គួរឲ្យចាប់អារម្មណ៍នេះ ក្លិបបឹងកេត បានសរសេរបង្ហោះនៅលើផេចហ្វេសប៊ុករបស់ខ្លួនថា៖ «ក្លិបសូមជូនពរដល់កីឡាករ ចាន់ វឌ្ឍនាកា ក្នុងការផ្ទេរទៅក្លិបកាន់ក្លិបថ្មី PKNS FC របស់ម៉ាឡេស៊ី សូមទទួលបានជោគជ័យសម្រាប់រដូវកាលថ្មីខាងមុខ»។

គួររំឭកថា ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេត ធ្លាប់បានផ្ទេរទៅលេងនៅក្លិប Pahang នៃលីកកំពូលម៉ាឡេស៊ី ម្តងរួចទៅហើយ ប៉ុន្តែរូបគេបានរួមរស់ជាមួយក្លិបនោះ បានត្រឹមពាក់កណ្តាលរដូវកាលទេ ក៏បានឈានដល់ការចែកផ្លូវគ្នា។

ចំណែកការផ្ទេរទៅលេងនៅលីកកំពូលម៉ាឡេស៊ី ជាលើកទី២ ជាមួយក្លិប PKNS FC នេះ គេនៅមិនទាន់ដឹងថា ចាន់ វឌ្ឍនាកា នឹងទទួលបានលទ្ធផលបែបណានោះទេ ប៉ុន្តែតាមរយៈការប្រកួតលីកកំពូលម៉ាឡេស៊ី កាលពីឆ្នាំ២០១៨ (Malaysia Super League 2018) ក្លិប PKNS FC បានទទួលលទ្ធផលល្អជាងក្លិប Pahang ដោយពួកគេឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣៥ពិន្ទុ លើ Pahang ដែលឈរនៅលេខ៤ មាន៣៤ពិន្ទុ ខណៈក្លិប Johor Darul Ta’zim បានក្លាយជាម្ចាស់ជើងឯក មាន៥៩ពិន្ទុ និងក្លិប Perak ឈរនៅលេខ២ មាន៣៦ពិន្ទុ៕

អត្ថបទ៖​ Cambosport