ក្រុមជម្រើសលីកកំពូលកម្ពុជា ឬ Cambodia All Stars ដែលគ្រោងនឹងធ្វើការប្រមូលផ្តុំ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ នឹងត្រូវប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុម Cambodia All Stars មុនពេលពួកគេឈានទៅដល់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Muangthong United នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦:៣០ ថ្ងៃទី៩ ខែកុម្ភៈខាងមុខនេះ។

គ្រូបង្វឹកក្រុមក្រសួងការពារជាតិ លោក ភា សុភ័ក្ត្រា ដែលត្រូវបានជ្រើសរើសឲ្យដឹកនាំក្រុម Cambodia All Stars លើកនេះ បានប្រាប់ថា លោកបានជ្រើសរើសកីឡាករ២៥នាក់ សម្រាប់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយ Muangthong United រួចរាល់ហើយ គឺនៅតែការដាក់លិខិតសុំការអនុញ្ញាតិពីក្លិប ដើម្បីសុំឲ្យបញ្ជូនកីឡាករទាំងនោះ មកប្រមូលផ្តុំ។

លោក ភា សុភ័ក្ត្រា បានបន្ថែមថា៖ «ក្រុម Cambodia All Stars របស់យើង គ្រោងនឹងចាប់ផ្តើមហ្វឹកហាត់ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ហើយនៅថ្ងៃទី៦ ខែកុម្ភៈ យើងនឹងត្រូវប្រកួត ជាមួយក្រុម African All Stars ហើយនេះជាការប្រកួតដកស្រង់បច្ចេកទេស ដែលមានការលេងចំនួន៣តង់ និង១តង់មាន៣០នាទី»។

គ្រូបង្វឹកវ័យក្មេង ទើបជួយក្រុមក្រសួងការពារជាតិ ឲ្យលើកពានសម្តេច ហ៊ុន សែន រដូវកាលឆ្នាំ២០១៨រូបនេះ បានបញ្ជាក់ថា៖ «បន្ទាប់ពីការប្រកួតដកស្រង់បច្ចេកទេសជាមួយ ក្រុម African All Stars ហើយ គឺកីឡាករទាំង២៥នាក់របស់ Cambodia All Stars នឹងត្រូវធ្វើការហ្វឹកហាត់ ហូកចាក់ និងស្នាកនៅជុំគ្នា រហូតដល់ថ្ងៃប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Muangthong United នៅថ្ងៃទី៩ ខែកុម្ភៈ តែម្តង»។

គួររំឭកថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Muangthong United ចំនួន២លើកកន្លងមក Cambodia All Stars បានឈ្នះ១ និងចាញ់១ដង ដោយក្នុងនោះ Cambodia All Stars ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា បានយកឈ្នះ Muangthong ៤-៣ កាលពីឆ្នាំ២០១៦ តែ Cambodia All Stars បានចាញ់ Muangthong ៤-០ កាលពីឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក ទេព ឡុងរចនា៕

អត្ថបទ៖ Cambosport