គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឈានដល់ការឯកភាពគ្នា ក្នុងការដាក់បញ្ជូលក្រុមចំនួន៣ទៀត ឲ្យចូលរួមលេងលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ដែលធ្វើឲ្យការប្រកួតមួយនេះមានចំនួនក្រុមចូលរួមកើនដល់១៤ក្រុម។

ជុំវិញការសម្រេចដាក់ក្រុមគិរីវង់សុខសែនជ័យ ក្រុមខេត្តកំពង់ចាម និងក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ឲ្យចូលលេងនៅលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាពេលថ្មីៗ។

ជុំវិញបញ្ហានេះ ត្រូវបានលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ធ្វើការពន្យល់តាមអង្គប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះថា តាមអង្គប្រជុំនោះ ការសម្រេចដំឡើងក្រុមគីរីវង់សុខសែនជ័យ និង ខេត្តកំពង់ចាម ដោយសារយើងមិនមានការប្រកួតលីក២ នាឆ្នាំកន្លងទៅ ប៉ុន្តែគណៈកម្មាធិការប្រតិបត្តិ បានពិនិត្យឃើញថា ទោះបីជាក្រុមទាំង២លេងនៅលីក២ ក៏មានលទ្ធភាពអាចឡើងមកលេងលីកកំពូលបានដែរ។

ចំណែក ការសម្រេចដាក់បញ្ចូលក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ ឲ្យឡើងមកលេងនៅលីកកំពូលនេះ ត្រូវបានលោក ឆាំង ពិសិដ្ឋ បានប្រាប់ថា គឺដើម្បីឲ្យក្រុមថ្នាលតំណាងឲ្យកម្ពុជាមួយនេះ បានស៊ាំទៅនឹងការប្រកួតធំ និងបង្កើនសមត្ថភាពឲ្យបានខ្ពស់ ក្នុងបំណងឲ្យពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យ៉ាងណាក៏ដោយ លោក ឆាំង ពិសិដ្ឋ បានអះអាងថា បើទោះបីជា មានការឡើងនៃចំនួនក្រុមចូលរួម គឺរហូតដល់១៤ក្រុម ប៉ុន្តែរូបមន្តប្រកួតលីកកំពូលកម្ពុជា នៅឆ្នាំ២០១៩នេះ គ្មានការកែប្រែ ឬផ្លាស់ប្តូរអ្វីទេ គឺនៅតែលេងវិលជុំ២ជើង រួចបូកពិន្ទុយកក្រុមមានពិន្ទុខ្ពស់ជាងគេ ជាអ្នកលើកពានដដែល។

ជាមួយគ្នានេះ លោក ឆាំង ពិសិដ្ឋ បានបង្ហើបដែរថា ចំពោះប្រាក់រង្វាន់ ដែលនឹងផ្តល់ជូនដល់ក្រុមម្ចាស់ជើងឯក ក្រុមលេខ២ និងក្រុមលេខ៣ និងរង្វាន់ផ្សេងៗទៀត នៅមិនទាន់មានការសម្រេចអ្វីពីថ្នាក់លើនៅឡើយទេ។

គួររំឭកថា សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ដែលត្រូវបានធ្វើឡើងជាច្រើនឆ្នាំមកហើយនោះ គឺក្រុមម្ចាស់ជើងឯក បានត្រឹម៦០លានរៀល ក្រុមលេខ២ បាន៤៦លានរៀល និងលេខ៣ បាន៣៦លាន ហើយប្រាក់រង្វាន់នេះ វាមានចំនួនតិច បើប្រៀបធៀបទៅនឹងលីកកំពូលរបស់ប្រទេសជិតខាង ខណៈការប្រកួតពានរង្វាន់ឯកជន ដែលត្រូវបានធ្វើឡើង នៅកម្ពុជាពេលនេះ ក៏មានប្រាក់រង្វាន់ជាង១ម៉ឺនដុល្លារ ផងដែរ៕

អត្ថបទ៖ Cambosport