Moussa Dembele អតីតខ្សែប្រយុទ្ធរបស់ក្លិប Celtic បានបន្តទម្រង់លេងដ៏មុតស្រួចរបស់គេ តាមរយៈការរកបានគ្រាប់បាល់បើកឆាក ខណៈដែលក្រុម Lyon បានយកឈ្នះលើក្រុម Guingamp ក្នុងលទ្ធផល ២-១ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពាន French Cup កាលពីថ្ងៃព្រហស្បតិ៍។ Lyon ដែលសម្លឹងរកការឈ្នះពានរង្វាន់ជាលើកទី១របស់ពួកគេ ចាប់តាំងពីឆ្នាំ២០១២នោះ នឹងត្រូវជួបជាមួយនឹងក្រុម Caen ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្នុងរយៈពេល៣សប្តាហ៍ទៀត។ ក្រុមភ្ញៀវមួយនេះ ទើបតែបានយកឈ្នះលើក្រុមកំពុងនាំមុខលើតារាង Ligue 1 គឺ Paris Saint-Germain ក្នុងលទ្ធផល ២-១ កាលពីចុងសប្តាហ៍មុន មុននឹងយកឈ្នះលើក្រុម Guingamp ក្នុងលទ្ធផលដូចគ្នានេះ។

Dembele បានជួយឲ្យក្រុមរបស់លោក Bruno Genesio រកបានគ្រាប់បាល់នាំមុខមុននៅនាទីទី៧ តាមរយៈការស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អ ដើម្បីរកគ្រាប់បាល់ទី៥ របស់គេក្នុងចំណោមការប្រកួត ៦លើក ក្រោយពីបានស៊ុតបាល់បញ្ចូលទី១ និងទទួលបានបាល់ពិន័យ ១១ម៉ែត្រ ១លើក នៅពេលប្រកួតជាមួយនឹងក្រុម PSG។ កីឡាករ Maxwel Cornet បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ នៅនាទីទី៤ នៃតង់ទី២ ក្រោយពីទទួលបានបាល់ពីកីឡាករ Ferland Mendy ខណៈដែលក្រុម Guingamp បានធ្លាក់ចេញពីការប្រកួតដណ្តើមពាន French Cup បើទោះបី Alexandre Mendy រកបាន១គ្រាប់វិញនៅជិតបញ្ចប់ការប្រកួតក៏ដោយ។

ក្រុមម្ចាស់ការពារតំណែងជើងឯក PSG ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Manchester United ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ចុងក្រោយ នៅសប្តាហ៍ក្រោយនោះ ត្រូវការនាទីបន្ថែម១៥នាទី២ដង ដើម្បីផ្តួលក្រុម Villefranche ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃពុធ ដើម្បីឈានទៅវគ្គបន្ត៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia