ក្រុម Orlando City នៅក្របខណ្ឌ Major League Soccer របស់អាមេរិកបានបញ្ចប់ការចុះហត្ថលេខាផ្ទេរខ្សែបម្រើ-ស្លាប Nani ពីក្លិប Sporting Lisbon ដោយគ្មានតម្លៃខ្លួនរួចរាល់ហើយ។អតីតកីឡាករក្រុម Manchester United បានចូលរួមជាមួយក្លឹបថ្មីក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។ លោក Luiz Muzzi នាយកប្រតិបត្តិក្លិប Orlando City បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា: នេះគឺជាថ្ងៃដ៏គួរឱ្យរំភើបសម្រាប់យើង។ សង្ឃឹមថា Nani និងនាំមកនូវបទពិសោធន៏អស្ចារ្យដល់ក្រុម។ គាត់គឺជាខ្សែបម្រើស្លាបម្នាក់ដែលមានសមត្ថភាពដែលអាចបញ្ជូនបាល់គ្រប់គ្រង និងស៊ុតចំគោលដៅល្អ។

Nani ស៊ុតបញ្ចូលទីបាន ៩គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ៧លើកក្នុងការបង្ហាញខ្លួនចំនួន ២៨ប្រកួត អំឡុងពេលនៃការបង្ហាញខ្លួនជាលើកទី៣ ក្នុងអាជីពសម្រាប់ក្លឹប Sporting Lisbon ដែលបានចូលរួមជាមួយក្លិបកាលពីរដូវក្តៅកន្លងទៅ។ Nani ធ្លាប់លេងអោយក្រុម Sporting Lisbon មុនពេលបានផ្លាស់ប្តូរទៅលេងនៅកីឡាដ្ឋាន Old Trafford នៅឆ្នាំ២០០៧ ហើយបានឈ្នះពានរង្វាន់ជាច្រើនរួមមានពានរង្វាន់ Champions League និងពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួនបួនដងជាមួយបិសាចក្រហម។


នៅឆ្នាំ២០១៤ Nani បានផ្លាស់មកលេងឱ្យក្លិប Sporting ហើយបន្ទាប់មកបានផ្លាស់ទៅ Fenerbahce ជាអចិន្ត្រៃយ៍នៅឆ្នាំបន្ទាប់។ កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ ក៏លេងឱ្យក្រុម Valencia និង Lazio ផងដែរ។ កំណត់ត្រាសម្រាប់ក្រុមជម្រើសជាតិក្នុងការបង្ហាញខ្លួន ១០០ដង Nani បានជួយក្រុមឈ្នះពានរង្វាន់ Euro ២០១៦។ ក្រុម Orlando City និងបើកទ្វាររដូវកាល MLS ថ្មីរបស់ពួកគេនៅថ្ងៃទី៣ ខែមីនា ២០១៩ ដើម្បីទទួលភ្ញៀវ New York City FC។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail
