ក្លិប Leicester បានប្រកាសពីការបណ្តេញលោកអ្នកចាត់ការទូទៅលោក Claude Puel ចេញពីតំណែងកាលពីថ្ងៃអាទិត្យ ក្រោយពីក្រុមរបស់ក្របខ័ណ្ឌ Premier League បានរងបរាជ័យជាលើកទី៦ ក្នុងចំណោមការប្រកួត ៧លើក។

ការរងបរាជ័យក្នុងលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍ ក្រោមស្នាដៃក្រុម Crystal Palace បានធ្វើឲ្យក្រុមម្ចាស់ជើងឯកឆ្នាំ២០១៥-២០១៦ មួយនេះ ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ១២ ដោយនាំមុខត្រឹមតែ ៨ពិន្ទុគត់លើក្រុមស្ថិតក្នុងតំបន់កាត់ចោល។ សេចក្តីប្រកាសមួយដែលចេញដោយក្លិប បានឲ្យដឹងថា៖ «ក្លិបកីឡាបាល់ទាត់ Leicester នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) បានចែកផ្លូវជាមួយនឹងលោក Claude Puel ដែលចេញពីតំណែងរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅក្រុមទី១ ជាមួយនឹងការចូលជាធរមានភ្លាម»។ លោក Mike Stowell និងលោក Adam Sadler ដែលជាគ្រូបង្វឹកក្រុមទី១ នឹងទទួលតួនាទីដឹកនាំក្រុមជាបណ្តោះអាសន្ន។

ក្លិប Leicester បានបន្ថែមថា៖ «ក្លិបសូមថ្លែងអំណរគុណដល់លោក Claude ចំពោះការខិតខំប្រឹងប្រែងរបស់លោកក្នុងការជួយដល់ក្រុមនេះ អំឡុងពេលនៃការដឹកនាំរយៈពេល១៦ខែរបស់លោក និងសូមជូនពរឲ្យលោកមានសំណាងល្អទៅថ្ងៃអនាគត»។ លោក Jacky Bonnevay ជំនួយការគ្រូបង្វឹករបស់លោក Puel ក៏បានចាកចេញផងដសែរ។ លោក Puel អាយុ៥៧ឆ្នាំ កឺជាអ្នកចាត់ការទូទៅទី៥របស់ក្របខ័ណ្ឌកំពូលអង់គ្លេស ដែលត្រូវបានបណ្តេញចេញនៅរដូវកាលនេះ បន្ទាប់ពីលោក Slavisa Jokanovic ត្រូវបានបណ្តេញចេញពីក្លិប Fulham លោក Mark Hughes ពីក្លិប Southampton លោក Jose Mourinho ពីក្លិប Manchester United និងលោក David Wagner ពីក្លិប Huddersfield៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia