នៅទីបំផុត ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានបន្សល់ទុកនូវត្រឹម«ការអរគុណ» ទៅដល់អ្នកគាំទ្រជាជនរួមជាតិ ខណៈពួកគេបានបន្តចាញ់ក្រុមU22វៀតណាម ១-០ នៅក្នុងការប្រកួតដណ្តើមយកលេខ៣ ពានរង្វាន់ AFF U22 Championship 2019 នៅលើទឹកដីខ្លួនឯង រីឯក្រុមU22ឥណ្ឌូនេស៊ី បានធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីពួកគេបានវាយបកយកឈ្នះក្រុមខ្លាំងរបស់ថៃ ២-១ ដើម្បីលើកពាននោះ។

សម្រាប់ការប្រកួត ដែលធ្វើឡើង នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអង្គារម្សិលមិញនោះ ក្រុម U22 កម្ពុជា បានខំប្រឹងលេងយ៉ាងល្អ ព្រោះពួកគេចង់ទទួលបានជ័យជម្នះ ដើម្បីលប់លាងការខកចិត្ត ចំពោះការចាញ់ក្រុមU22ថៃ ដោយការទាត់បាល់ប៉េណាល់ទី ៥-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កន្លងមកនេះ។

តាមរយៈការប្រកួតនោះ កីឡាករ ស៊ិន សុផាណាត់, ស៊ិន កក្កដា, យ៉ើ សាហ្វី និង ណារ៉ុង កក្កដា សុទ្ធតែមានឱកាសរកបានគ្រាប់បាល់ តែធ្វើមិនបានសម្រេច ពិសេសខ្សែប្រយុទ្ធ សៀង ចន្ធា ព្រោះគេបានអូសបាល់ដាច់យ៉ាងល្អ ប៉ុន្តែការសម្រេចឆ្កឹះបាល់ឲ្យផុតដៃអ្នកចាំទី គឺគេធ្វើមិនបានល្អ។

ផ្ទុយពីនេះ ខ្សែបម្រើ Le Xuan Tu ដែលទើបប្តូរឲ្យចូលលេងនោះ បែរជាអាចតែតបាល់បញ្ចូលទីយ៉ាងល្អ នៅនាទីទី៨៦ ដើម្បីជួយឲ្យក្រុមU22វៀតណាម ឈ្នះក្នុងលទ្ធផល ១-០ នឹងទទួលបានលេខ៣ ហើយលទ្ធផលនេះបានបង្ហាញថា ក្រុមជម្រើសជាតិកម្ពុជា ទាំងក្របខ័ណ្ឌយុវជន និងក្រុមធំ នៅតែមិនអាចយកឈ្នះក្រុមវៀតណាម បានដដែល គឺតែងតែចាញ់រហូត។

យ៉ាងណាក៏ដោយ អ្នកគាំទ្រមានការពេញចិត្ត ទៅលើទម្រង់លេងរបស់ក្រុមU22កម្ពុជា ដែលពួកគេខំប្រឹងលេងយ៉ាងល្អ និងអស់ពីសមត្ថភាព ហើយនៅក្រោយការប្រកួតបានបញ្ចប់ សមាជិកក្រុមU22កម្ពុជា ទាំងអស់ បាន Live វីដេអូមួយ និងបាននិយាយម្តងម្នាក់ ដើម្បីអរគុណដល់អ្នកទស្សនាទាំងអស់ ដែលបានគាំទ្រពួកគេ តាំងពីដើមរហូតដល់ចប់។ ពួកគេ ក៏សុំឲ្យពុកម៉ៃបងប្អូន បន្តគាំទ្រដល់ក្រុមជម្រើសជាតិ និងវិស័យបាល់នៅកម្ពុជា ជាបន្តទៀតផងដែរ។

ចំណែកក្រុមឥណ្ឌូនេស៊ី បានវាយបកយកឈ្នះក្រុមU22ថៃ ដ៏គួរឲ្យភ្ញាក់ផ្អើល។ នៅក្នុងការប្រកួតនោះ ខ្សែប្រយុទ្ធ Saringkan បានរកគ្រាប់បាល់នាំមុខឲ្យថៃ នៅនាទីទី៥៧ ប៉ុន្តែ១នាទីក្រោយមក Sani បានជួយឲ្យ ឥណ្ឌូនេស៊ី តាមស្មើ ១-១ វិញ គឺមុនពេល Osvaldo បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៦៤ ដើម្បីឲ្យឥណ្ឌូនេស៊ី យកឈ្នះក្រុមថៃ ២-១ និងលើកពានការប្រកួត AFF U22 Championship នៅឆ្នាំ២០១៩នេះ៕

អត្ថបទដោយ៖ Cambosport