ក្រោយពីទទួលបានជោគជ័យជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម កំពុងតែសុបិនពីការបង្ហាញខ្លួនជាលើកទី១ ក្នុងព្រឹត្តិការណ៍ World Cup ហើយនេះមិនមែនជាមហិច្ឆតាដែលមិនកើតឡើងភ្លាមៗ ដោយគ្មានហេតុផលឡើយ។

ការអបអរផ្សេងៗនៅតាមដងផ្លូវនានាទូទាំងប្រទេស បានផ្ទុះឡើងកាលពីឆ្នាំមុន នៅពេលដែលក្រុមជម្រើសជាតិវៀតណាម បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asia U23 Championships និងឈ្នះពាន AFF Suzuki Cup ហេតុនេះ វាមិនមានអ្វីត្រូវភ្ញាក់ផ្អើលខ្លាំងឡើយ ប្រសិនបើពួកគេឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ វៀតណាម ដែលមានអត្រាប្រជាជន៩០លាននាក់ មិនធ្លាប់បានឈានដល់ដំណាក់កាលយ៉ាងប្រកៀកបំផុតកាលពីមុន ដើម្បីបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup។ ទោះបីជាយ៉ាងណា បច្ចុប្បន្ន វៀតណាម អាចធ្វើឲ្យខ្លួនពួកគេផ្ទាល់ស្ថិតក្នុងចំណោមក្រុមខ្លាំងបំផុតប្រចាំទ្វីបអាស៊ី។ បន្ទាប់ពីភាពជោគជ័យក្នុងឆ្នាំ២០១៨ ក្រុមជម្រើសជាតិវៀតណាម បានបន្តដំណើរឈានទៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Asian Cup កាលពីខែមករា មុននឹងចាញ់ទាំងប្រផិតប្រផើយក្រោមស្នាដៃក្រុមជើងឯករងជប៉ុន និងឡើងទៅឈរក្នុងចំណាត់ថ្នាក់កំពូលទាំង១០០របស់ FIFA។

ការប្រកួតជម្រុះនានា នឹងចាប់ផ្តើមនៅខែកញ្ញា សម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា ស្របពេល FIFA សង្ឃឹមថា នឹងពង្រីកក្រុមរហូតដល់៤៨ក្រុម ហើយខ្សែប្រយុទ្ធឆ្នើម Cong Phuong បានបញ្ជាក់ថា ក្រុមវៀតណាម ត្រៀមខ្លួនរួចរាល់ហើយក្នុងការបោះ១ជំហានទៅមុខទៀត។ Phuong បានប្រាប់ AFP ថា៖

«ខ្ញុំពិតជាជឿជាក់ថា វាអាចទៅរួច ប្រសសិនបើមានថាមពលដែលគ្មានដែនកំណត់ ការព្យាយាមឥតឈប់ឈរ និងជួបសំណាងដូចដែលយើងមានក្នុង Asian Cup»៕

អត្ថបទដោយ៖ Cambosport
ប្រភព៖ Channel News Asia