ក្រុមបាល់ទាត់តំណាងឲ្យអនុវិទ្យាល័យពោធិ៍ចិនតុង និងវិទ្យាល័យឥន្ទ្រទេវី បានក្លាយជាម្ចាស់ជើងឯក នៅក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំរាជភ្នំពេញ ប្រចាំឆ្នាំ២០១៩ ដែលទើបបានបញ្ចប់ការប្រកួត នៅវិទ្យាល័យជាស៊ីមបឹងកេតកង កាលពីម្សិលមិញ។

តាមរយៈការប្រកួតផ្តាច់ព្រ័ត្រ យ៉ាងស្វិតស្វាញ កាលពីថ្ងៃអង្គារ ម្សិលមិញនោះ ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី បានយកឈ្នះក្រុមវិទ្យាល័យសន្ធរម៉ុក ២-០ ដើម្បីក្លាយជាម្ចាស់ជើងឯក ខណៈលេខ៣បានទៅលើក្រុមវិទ្យាល័យឬស្សីកែវ ហើយការប្រកួតផ្នែកនារីវិញ ក្រុមវិទ្យាល័យវត្តកោះ បានយកឈ្នះក្រុមវិទ្យាល័យជាស៊ីម ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពាន ឯលេខ៣បានទៅក្រុមសាលាផារ៉ាហ្គន។

ចំណែកការប្រកួតក្របខ័ណ្ឌសិស្សអនុវិទ្យាល័យវិញ ក្រុមបាល់ទាត់វិទ្យាល័យពោធិ៍ចិនតុង បានយកឈ្នះក្រុមអនុវិទ្យាល័យគោកបញ្ចន់ ដើម្បីលើកពាន។ រីឯការប្រកួតផ្នែកនារី ដែលមានតែ២ក្រុមនោះ គឺក្រុមនារីអនុវិទ្យាល័យដង្កោ បានលេខ១ និងក្រុមអនុវិទ្យាល័យព្រែករាំង បានលេខ២។

ដោយឡែកសម្រាប់ការប្រកួតបាល់ទះនារីវិញ គឺក្រុមនារីរបស់សាលាសិលាមាស បានឈ្នះពានទាំងការប្រកួតក្របខ័ណ្ឌសិស្សអនុវិទ្យាល័យ និងសិស្សវិទ្យាល័យ។ រីឯការប្រកួតបាល់ទះ ដែលមានតែការប្រកួតក្របខ័ណ្ឌសិស្សវិទ្យាល័យនោះ គឺក្រុមវិទ្យាល័យហ៊ុនសែនជម្ពូវ័ន បានលេខ១ ខណៈលេខ២បានទៅក្រុមវិទ្យាល័យជាស៊ីមសាមគ្គី និងលេខ៣ ក្រុមវិទ្យាល័យទួលអំពិល។

ចំពោះការប្រកួតបាល់បោះវិញ ក្រុមសាលាអន្តរទ្វីបអាមេរិកាំង ទទួលបានលេខ១ផ្នែកនារីអនុវិទ្យាល័យ ឯនារីកម្រិតវិទ្យាល័យ បានទៅក្រុមវត្តកោះ ចំណែកផ្នែកបុរស ក្រុមសាលាអេសអូអេស បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌសិស្សអនុវិទ្យាល័យ ហើយក្រុមស៊ីសុវត្ថិ បានក្លាយជាម្ចាស់ជើងឯក ក្របខ័ណ្ឌសិស្សវិទ្យាល័យ។

បន្ថែមទៅលើការប្រកួតផ្នែកប្រភេទកីឡាជាក្រុមនេះ ក៏មានការប្រកួតកីឡាអត្តពលកម្ម វាយកូនឃ្លីលើតុ និងការប្រកួតប៉េតង់ ផងដែរ ហើយកីឡាករ ដែលទទួលបានចំណាត់ថ្នាក់លេខ១ តាមវិញ្ញាសានីមួយៗ ព្រមទាំងក្រុមម្ចាស់ជើងឯក លើការប្រកួតប្រភេទកីឡាក្រុម នឹងត្រូវឡើងទៅប្រកួតបន្តតំណាងឲ្យមន្ទីរអប់រំ យុវជន និងកីឡា នៅក្នុងការប្រកួតកីឡា School Games ដែលនឹងគ្រោងធ្វើនៅក្នុងខែឧសភា ខាងមុខនេះ៕

កែសម្រួលដោយ៖ Cambosport