លោក Leonardo Jardim គ្រូបង្វឹករបស់ក្រុម Monaco បញ្ជាក់ថា លោកមិនបែកអារម្មណ៍ដោយសារតែការលើកឡើងផ្សេងៗជុំវិញអនាគតរបស់លោកឡើយ ខណៈដែលក្រុមម្ចាស់ជើងឯកបារាំងឆ្នាំ២០១៧មួយនេះ នឹងឈានទៅកាន់ការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ Nice របស់លោក Patrick Vieira ដោយការមិនទាន់ស្គាល់ឈ្នះសោះនៅរដូវកាលនេះ។

Monaco បានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Reims កាលពីចុងសប្តាហ៍មុន ប៉ុន្តែ ដណ្តើមបានត្រឹមតែ៣ពិន្ទុគត់ពីការប្រកួត៦លើក និងកំពុងតែស្ថិតក្នុងតំបន់កាត់ចោល។ ក្រោយពីបានគេចផុតពីការធ្លាក់ចេញទាំងព្រលឹងចុងសក់កាលរដូវកាលមុន ក្រុម Monaco សង្ឃឹមថា នឹងវិលទៅកាន់ការប្រជែងដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ។

ទឹកប្រាក់ចំនួន១៣៣លានអឺរ៉ូ (ស្មើនឹង១៤៦,១លានដុល្លារអាមេរិក) ត្រូវបានបណ្តាក់ទុន ទៅលើការទិញចូលកីឡាករថ្មីៗ ប៉ុន្តែ ពួកគេបានដេញតាមពីក្រោយក្រុមកំពុងនាំមុខ Paris Saint-Germain ១២ពិន្ទុរួចជាស្រេច និង៩ពិន្ទុតាមពីក្រោយក្រុម Nice ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។ ពួកគេបានឈ្នះត្រឹមតែ១លើកគត់ ក្នុងចំណោមការប្រកួត១៥លើក បើគិតចាប់តាំងពីខែមីនា។

លោក Jardim ដែលជាក្បាលម៉ាស៊ីនជួយឲ្យក្រុម Monaco លើកពានក្នុងឆ្នាំ២០១៧ នៅមុនពេលរងការបណ្តេញចេញកាលពីខែតុលា ឆ្នាំមុន ហើយវិលទៅកាន់ក្លិបនេះវិញ បន្ទាប់ពីការដឹកនាំរយៈពេលខ្លីរបស់លោក Thierry Henry នោះ បានឲ្យដឹងថា៖ «វាមិនមានអីជារឿងផ្ទាល់ខ្លួនឡើយ។ គ្រូបង្វឹកតែងតែទទួលខុសត្រូវសម្រាប់ការទទួលបានលទ្ធផលមិនល្អ»៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង