ជើងខ្លាំងគុនចម្រុះសញ្ជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលសំងំហ្វឹកហាត់ និង ឡើងសង្វៀននៅស្រុកខ្មែរជាហូរហែនោះរំពឹងធ្វើបានល្អ ពេលឡើងសងសឹកទល់នឹង កីឡាករអាមេរិក Devon Morris នៅសង្វៀន ONE :WARRIOR SERIES 8 នាថ្ងៃទី ៥ តុលា ខាងមុខ ដែលរៀបចំនៅទីក្រុងតូក្យូប្រទេសជប៉ុន។ ការផ្គូផ្គងឲ្យឡើងសងសឹកនេះ បន្ទាប់ពី Emmanuel ចាញ់ទឹកទី២ កាលខែកុម្ភៈ នៅសិង្ហបុរី។

កូនសិស្សរបស់ ចាន់ រតនា បានថ្លែងថា៖ «Devon Morris ជាកីឡាករល្អម្នាក់ និង មានបទពិសោធន៍ច្រើន។ ខ្ញុំសប្បាយចិត្តដែលបានឡើងប្រកួតសងសឹកម្ដងទៀត។ ខ្ញុំគិតថា ខ្ញុំនឹងមិនចាញ់ទៀតទេព្រោះកាលលើកមុនបញ្ចប់ទៅដោយលទ្ធផលក្រៀមក្រំ។ ប៉ុន្តែលើកនេះយើងនឹងរង់ចាំតើលទ្ធផលអាចដូចលើកមុន ឬយ៉ាងណា»។

Onyedikachi ជាកីឡាករមានបទពិសោធន៍ ៤ លើករួចមកហើយនៅសង្វៀន ONE ក្នុងនោះឈ្នះ ៣លើកដំបូងប៉ុន្តែចុងក្រោយចាញ់ Morris ខាងលើត្រឹមទឹកទី២ ប៉ុណ្ណោះ។ Onyedikachi ឡើងសង្វៀន ONE លើកទី១ គេឈ្នះកីឡាករថៃ Nat Natchayangkul នៅទឹកទី៣ កាលខែ មីនា ឆ្នាំ ២០១៨ មុនឈ្នះ ជើងខ្លាំងគុនចម្រុះជនជាតិឥណ្ឌា Sandeep Kumar Dahiya នៅទឹកទី១ កាល ខែ កក្កដា និង ឈ្នះ កីឡាករចិន Xiaoxiang Xie ដោយពិន្ទុ កាលខែ តុលាឆ្នាំ ២០១៨ ដដែល។ បន្ទាប់មកកីឡាកររហស្សនាម «The Biafran Warrior» សន្លប់ក្រោមកណ្ដាប់ដៃរបស់ Devon Morris កាលខែ កុម្ភៈ មុនឡើងប្រកួតជាថ្មីនាដើមខែ តុលា ខាងមុខ។ ការប្រកួតសងសឹកនេះ «The Biafran Warrior» មានការតាំងចិត្តខ្ពស់ រួមទាំងមានវិធីប្រកួតផ្សេងខុសពីប្រកួតលើកមុន។

កីឡាករដែលតែងតែលើកទង់ជាតិកម្ពុជាមុន និង ក្រោយពេលប្រកួតបានរៀបរាប់ទៀតថា៖«ការរៀបចំរបស់ខ្ញុំ ល្អណាស់ ហើយគ្រូបង្វឹកចាន់ រតនា នៅតែជួយដល់ខ្ញុំ។ ប៉ុន្តែការរៀបចំ និង ការហ្វឹកហាត់របស់ខ្ញុំគឺខុសពីមុនឆ្ងាយណាស់។ ខ្ញុំនឹងតិកនិកប្លែកដើម្បីប្រកួត។ ខ្ញុំមិនចង់លម្អិតច្រើនពេកទេ មានតែរង់ចាំរហូតដល់ថ្ងៃទី ៥ តុលា ទើបដឹង»។

អ្នកលេងគុនចម្រុះវ័យ ៣២ ឆ្នាំមកពីក្លិប «សិល្បៈ» សង្កត់ធ្ងន់ថា៖«រឿងដែលច្បាស់ ១០០%សម្រាប់ខ្ញុំ គឺ នឹងមានកម្រិតខុសគ្នាខ្លាំងពីការប្រកួតមុនៗ។ ខ្ញុំហ្វឹកហាត់ខ្លាំងក្លា ព្រោះខ្ញុំទើបទទួលបានការចុះឈ្មោះផ្លូវការជាសមាជិកនៃការប្រកួតគុនចម្រុះរបស់ក្រុមហ៊ុនមួយដែរ»។

គួរដឹងដែរថា ក្រៅពីមានអាជីពជាអ្នកប្រដាល់ដែលរស់នៅកម្ពុជា Emmanuel Onyedikachi ជាមនុស្សស្នូលម្នាក់ក្នុងការជួយជ្រោមជ្រែងអង្គការ Biafran ឬ Biafran Organization នៅកម្ពុជា និង ជួយអង្គការកុមារកំព្រាជាបន្តបន្ទាប់។ កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះតែងតែធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា។

ងាកមកកីឡាករអាមេរិក Devon Morris ជាកីឡាករមានបទពិសោធន៍ក្នុងក្បាច់គុនចម្រុះដោយឡើងប្រកួតបានរហូតដល់ ៩ ដងក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ៤ ដង។ អ្វីគួរកត់សម្គាល់ Morris មិនដែលចាញ់ទេពេលប្រកួតនៅសង្វៀន ONE ចំនួន៣លើកចុងក្រោយ (ឈ្នះទាំង៣)។

ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។

កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង